Post News Media ព័ត៌មានសុខភាព ផលប៉ះពាល់នៃកា...

ផលប៉ះពាល់នៃការពាក់ទ្រនាប់ជើងអត់ស្រោម

ការពាក់ទ្រនាប់ជើងអត់មានស្រោម គឺជាទម្លាប់ដ៏ពេញនិយម របស់យុវវ័យមួយចំនួន ក៏ប៉ុន្តែពួកគេប្រហែលជាមិនទាន់ដឹងថា ទង្វើបែបនេះអាចគ្រោះថ្នាក់ដល់សុខភាពនោះឡើយ។ បើយោងតាមគេហទំព័រ DailyMail បានចែករំលែកថា ការពាក់ទ្រនាប់ជើងអត់មានស្រោម អាចបង្កឲ្យមានាបញ្ហាមួយចំនួន។

១.ជើងរបស់អ្នកឆាប់ធំក្លិនអាក្រក់
អ្នកប្រហែលជាគិតថា ការពាក់ទ្រនាប់ជើងអត់មានស្រោម ជារឿងធម្មតា ហើយជើងរបស់អ្នកនៅតែស្អាតដូចធម្មតា បន្ទាប់ពីលាងសម្អាតរួច។ ប៉ុន្តែ ជើងរបស់អ្នកអាចផលិតញើសបាន ៥០០មីលីលីត្រជារៀងរាល់ថ្ងៃ។ ញើសនេះហើយ គឺជាមូលហេតុដែលធ្វើឲ្យមេរោគ លូតលាស់នៅលើជើង ហើយវានឹងបង្កទៅជាក្លិនអាក្រក់។

អ្នកត្រូវដឹងថា បាក់តេរី ងាយនឹងបង្កើតកូនចៅលឿនបំផុត នៅបរិស្ថានសើម ហើយងងឹត។ ដូច្នេះប្រសិនបើអ្នកមិនពាក់ស្រោមជើង ដើម្បីការពារញើសទេ បាក់តេរី នឹងកើតមានកាន់តែច្រើនឡើងៗ។

២.ធ្វើឲ្យជើងមានការឈឺចាប់
ការមិនពាក់ស្រោមជើង អាចធ្វើឲ្យជើងរបស់អ្នកមានការឈឺចាប់ ដោយសារតែទ្រនាប់ជើង មានការកកិតជាមួយនឹងស្បែកដោយផ្ទាល់។ អ្នកអាចកើតមានបញ្ហាពងបែក យ៉ាងងាយប្រសិនបើមិនពាក់ស្រោមជើងពេញមួយថ្ងៃ។

មិនតែប៉ុណ្ណោះ ជើងរបស់អ្នកអាចមានបញ្ហាហើម ដាច់រលាត់ ហើយបាក់តេរីងាយជ្រាបចូលរាងកាយតាមរយ:មុខរបួស ដែលបង្កទៅជាបញ្ហាផ្សេងៗ។

បើយោងតាមការស្រាវជ្រាវរបស់អ្នកជំនាញសហរដ្ឋអាមេរិក បានរកឃើញថា ទម្លាប់ពាក់ទ្រនាប់ជើង គ្មានស្រោម អាចប្រឈមនឹងការឆ្លងមេរោគផ្សិត។

អាស្រ័យហេតុនេះ អ្នកគួរតែមានទម្លាប់ពាក់ទ្រនាប់ជើងមានស្រោម ដើម្បីកាត់បន្ថយហានិភ័យផ្សេងៗចំពោះសុខភាព៕

ដកស្រង់ពី៖ soha

Loading...