ព័ត៌មានសុខភាព

គន្លឹះកម្ចាត់ខ្លាញ់ក្បាលពោះ ក្រោយពេលសម្រាលកូនរួច

បន្ទាប់ពីរងចាំពេលវេលាអស់រយ:ពេល ៩ខែក្នុងការពពោះ ស្ត្រីភាគច្រើនតែងតែឡើងទម្ងន់ ហើយជាតិខ្លាញ់ក៏ប្រមូលផ្តុំនៅតំបន់ក្បាលពោះផងដែរ។ តើអ្នកចង់ដឹងពីវិធីកម្ចាត់ខ្លាញ់ក្បាលពោះដែរឬទេ? តាមពិតគ្មានអ្វីពិបាកនោះទេ ប្រសិនបើអ្នកអនុវត្តតាមវិធីសាស្ត្រធម្មជាតិមួយចំនួន។

១.បំបៅដោះកូន
ប្រសិនបើអ្នកគិតថា ការបំបៅដោះកូន មានប្រយោជន៍ចំពោះតែកូន នោះគឺខុសហើយ តាមពិតវាក៏មាបប្រយោជន៍សម្រាប់អ្នកម្តាយផងដែរ។ ការបំបៅដោះកូន ក៏អាចជួយដុតបំផ្លាញកាល់ឡូរីនៅក្នុងរាងកាយរបស់ស្ត្រីផងដែរ ដូច្នេះនេះជាចំណែកមួយក្នុងការសម្រកខ្លាញ់ក្បាលពោះ។

២.ជៀសវាងអាហារដែលសម្បូរកាឡូរី
អ្នកគួរតែជៀសវាងប្រភេទអាហារដែលសម្បូរកាឡូរីដូចជា ទឹកក្រូចសូដា ស្ករគ្រាប់ ស៊ូកូឡា និងដំឡូងបារាំងចៀន។ អាហារទាំងនេះ អាចធ្វើឲ្យស្ត្រីឡើងទម្ងន់កាន់តែខ្លាំង ដូច្នេះអ្នកគួរតែប្តូរមកទទួលទានអាហារដែលមានសុខភាពល្អ និងផលិតផលទឹកដោះគោដែលមានជាតិខ្លាញ់ទាប។

៣.តែបៃតង
តែបៃតង គឺជាភេសជ្ជ:មួយប្រភេទដែលអាចជួយដុតបំផ្លាញកាឡូរី ហើយជួយឲ្យរាងកាយមានសុខភាពល្អ ដោយសារតែវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។ មិនតែប៉ុណ្ណោះ សារធាតុប្រឆាំងអុកស៊ីតកម្ម អាចជួយការពាររ៉ាឌីកាល់សេរី ហើយអាចជួយជំរុញការរំលាយអាហារ។ ប្រសិនបើអ្នកចង់សម្រកក្បាលពោះឲ្យកាន់តែមានប្រសិទ្ធភាព គួរទទួលទានបន្ទាប់ពីធ្វើលំហាត់ប្រាណរួច។

៤.ការធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណ គឺមានសារ:សំខាន់ខ្លាំងណាស់សម្រាប់សម្រកទម្ងន់ ក្រោយពេលមានផ្ទៃពោះ។ ជាពិសេស អ្នកគួរចាប់ផ្តើមធ្វើលំហាត់ប្រាណដោយផ្តោតសំខាន់ទៅលើក្បាលពោះ ដើម្បីឆាប់សម្រេចដូចបំណង។

៥.ជៀសវាងភាពតានតឹង
ភាពតានតឹង អាចធ្វើឲ្យរាងកាយបញ្ចេញអ័រម៉ូនស្ត្រេស ដែលគេហៅថា Cortisol ។ នៅពេលដែលកម្រិត Cortisol ឡើងខ្ពស់នៅក្នុងឈាម អាចបណ្តោលឲ្យស្ត្រីអស់កម្លាំង ឡើងទម្ងន់ ឆាប់ខឹង ហើយមានចំណង់ទៅលើអាហារផ្អែម និងខ្លាញ់។

ដូច្នេះ អ្នកគួរតែព្យាយាមធ្វើរឿងអ្វីដែលសប្បាយៗ ដើម្បីកាត់បន្ថយភាពតានតឹង ដែលនាំឲ្យអ្នកកាន់តែធាត់៕

ដកស្រង់ពី៖ boldsky

មតិយោបល់