ព័ត៌មានសុខភាព

វិធីសាស្ត្រសាមញ្ញៗ អនុវត្តភ្លាមអាចកាត់បន្ថយអាការឈឺក្បាលប្រកាំងបានភ្លេត

ជំងឺឈឺក្បាលប្រកាំង គឺជាជំងឺសរសៃប្រសាទ ដែលបណ្តោលឲ្យឈឺចុកចាប់ក្នុងក្បាលខ្ទោកៗ ស្ទើរតែទ្រាំមិនបាន មិនថាពេលព្រឹក ពេលថ្ងៃ ឬពេលយប់ឡើយ។

នៅពេលមានជំងឺឈឺក្បាលប្រកាំង ជម្រើសដំបូងដែលមនុស្សភាគច្រើនជ្រើសរើស គឺប្រើប្រាស់ថ្នាំពេទ្យ។ ក៏ប៉ុន្តែប្រសិនបើបញ្ហាកើតឡើងនៅពេលយប់ព្រលប់ ឬអ្នកនៅឆ្ងាយពីមន្ទីរពេទ្យ តើគួរធ្វើបែបណា? ដូច្នេះហើយ ក្រៅពីថ្នាំពេទ្យ នៅមានវិធីសាមញ្ញៗ៣យ៉ាងទៀត ដែលអាចជួយកាត់បន្ថយបញ្ហាឈឺក្បាលប្រកាំងបានភ្លាមៗ។

ទឹកកក
បើយោងតាមវេជ្ជបណ្ឌិត Carolyn Bernstein ជាសាស្ត្រាចារ្យនៅសាលាវេជ្ជសាស្ត្រ Harvard Medical School បានឲ្យដឹងថា ទឹកកក គឺជារបស់ដែលអាចជួយប្រឆាំងនឹងការរលាកប្រសើរបំផុត។ ក្នុងការអនុវត្ត អ្នកត្រូវប្រើថង់ប្លាស្ទិចរុំទឹកកកឲ្យជិត រួចយកទៅស្អំនៅលើថ្ងាស ក្បាល ឬក ដើម្បីសង្គ្រោះការឈឺចាប់ភ្លាមៗ។ ប្រសិនបើគ្មានទឹកកកទេ អ្នកអាចយកកន្សែងស្អាតជ្រក់ទឹកត្រជាក់ ហើយជូតសម្អាត និងស្អំលើថ្ងាសឲ្យបានញឹកញាប់។

ម៉ាស្សា
ការស្រាវជ្រាវមួយដែលបានធ្វើឡើងទៅលើអ្នកជំងឺឈឺក្បាលប្រកាំងជាច្រើននាក់ បានបង្ហាញថា ការម៉ាស្សាក្បាល មិនត្រឹមតែអាចកាត់បន្ថយអាការឈឺចាប់នោះទេ វាក៏អាចជួយឲ្យអ្នកជំងឺគេងលក់ស្រួលផងដែរ។

តែខ្ញី
តែខ្ញី ត្រូវបានគេប្រើយ៉ាងទូលំទូលាយសម្រាប់សុខភាព ជាពិសេសសម្រាប់ព្យាបាលជំងឺផ្តាសាយតែម្តង។ ប៉ុន្តែបើយោងតាមការស្រាវជ្រាវបានរកឃើញទៀតថា ខ្ញី មានផ្ទុកសារធាតុប្រឆាំងនឹងការរលាក ដែលមានសម្ថភាពកាត់បន្ថយអាការឈឺក្បាលប្រកាំងយ៉ាងមានប្រសិទ្ធភាព។

ដូច្នេះ ប្រសិនបើអ្នកកើតមានជំងឺឈឺក្បាលប្រកាំង អាចច្រើនជ្រើសរើសវិធីសាស្ត្របែបធម្មជាតិសាមញ្ញៗទាំង៣យ៉ាងនេះបាន៕

ដកស្រង់ពី៖ soha

មតិយោបល់