ព័ត៌មានសុខភាព

មនុស្សដែលមានទម្លាប់៥យ៉ាងនេះ ប្រឈមហានិភ័យខ្ពស់នៃជំងឺមហារីកសួត

បច្ចុប្បន្ននេះ ជំងឺមហារីកសួត ត្រូវបានគេចាត់ទុកជាឃាតករលេខ១ ក្នុងចំណោមអ្នកជំងឺមហារីក ដែលអត្រាការស្លាប់ខ្ពស់។ អ្នកជំងឺដែលប្រឈមនឹងក្តីស្លាប់ខ្ពស់ ដោយសារតែពួកគេធ្វើរោគវិនិច្ឆ័យរោគសញ្ញាមានភាពយឺតយ៉ាវ ហើយមិនយកចិត្តទុកដាក់ចំពោះរោគសញ្ញាដំបូង។ ដូច្នេះដើម្បីកាត់បន្ថយហានិភ័យ អ្នកគួរតែស្វែងយល់ និងជៀសវាងទម្លាប់អាក្រក់ ៥ចំណុចនេះ។

ទទួលទានគ្រឿងស្រវឹងច្រើនពេក
មិនថាស្រា ឬស្រាបៀរនោះទេ ប្រសិនបើអ្នកទទួលទានច្រើនពេក អាចប្រឈមនឹងហានិភ័យខ្ពស់នៃជំងឺមហារីកមាត់ និងបំពង់ក។ ហេតុនេះ ក្នុងមួយថ្ងៃអ្នកមិនគួរទទួលទានស្រាបៀរលើសពី ២កែវ ឬស្រា២ពែង នោះទេ។

ជក់បារីហួសប្រមាណ
ការជក់បារី គឺជាមូលហេតុសំខាន់បំផុតនៃជំងឺមហារីកសួត ហើយអ្នកជក់បារី អាចប្រឈមនឹងជំងឺមហារីកខ្ពស់ជាងអ្នកមិនជក់ ៧ទៅ ១១ដង។
ជាង ៣០ភាគរយ នៃជំងឺមហារីកសួត មហារីកបំពង់ក មានទំនាក់ទំនងយ៉ាងជិតស្និតទៅនឹងការជក់បារី។ ដូច្នេះ ប្រសិនបើអ្នកមិនចង់មានជំងឺមហារីកសួត ទេនោះ អ្នកគួរតែឈប់ជក់បារី ឬកាត់បន្ថយតាមដែលអាចធ្វើទៅបាន។

បរិភោគសាច់ក្រហមច្រើនពេក
មនុស្សជាច្រើនចូលចិត្តញ៉ាំសាច់ ជាជាងបន្លែ ប៉ុន្តែពួកគេប្រហែលជាមិនដឹងថា វាអាចបង្កឲ្យមានហានិភ័យដល់សុខភាពនោះទេ។
ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ប្រសិនបើអ្នកទទួលទានសាច់ក្រហមច្រើនពេក អាចបណ្តោលឲ្យមានជំងឺធ្ងន់ធ្ងរដូចជា មហារីកលំពែង មហារីក្រពេញប្រូស្តាត និងការកើនឡើងនៃជំងឺមហារីកសួត។

អ្នកឯទេសផ្នែកសុខភាព បានផ្តល់អនុសាសន៍ថា មនុស្សគ្រប់រូបគួរតែកំណត់ការទទួលទានសាច់ក្រហមក្នុងចន្លោះ ៥០០ក្រាមក្នុងមួយសប្តាហ៍។ លើសពីនេះទៅទៀត អ្នកគួរតែទទួលទានបន្លែផ្លែឈើឲ្យបានច្រើន ដើម្បីរក្សារាងកាយឲ្យមានសុខភាពល្អ។

បរិភោគអំបិលច្រើន
ការទទួលទានអំបិលច្រើនពេក គឺជាមូលហេតុមួយដែលបណ្តោលឲ្យអ្នកកើតជំងឺមហារីកក្រពះ និងមហារីកសួត។ ចំនួនអំបិលសរុបដែលអ្នកត្រូវទទួលទានរាល់ថ្ងៃ គឺតិចជាង ៦ក្រាម។

អំបិល ក៏ជាបុព្វហេតុនៃជំងឺគ្រោះថ្នាក់ដទៃទៀត ដូចជា សរសៃឈាមបេះដូង សម្ពាធឈាម ដាច់សរសៃឈាមខួរក្បាល ក្រួសក្នុងតម្រងនោម និងពុកឆ្អឹង។

ខ្ជិលធ្វើលំហាត់ប្រាណ
ដោយសារតែភាពមមាញឹកជាមួយនឹងការងារ បានធ្វើឲ្យមនុស្សភាគច្រើនគ្មានពេលវេលាគ្រប់គ្រាន់ ដើម្បីបញ្ចេញសកម្មភាពរាងកាយនោះទេ ហេតុនេះពួកគេក៏ត្រូវប្រឈមនឹងជំងឺកាន់តែខ្លាំងផងដែរ។

មិនតែប៉ុណ្ណោះ ការធ្វើការក្នុងការិយាល័យយូរ ធ្វើឲ្យអ្នកអស់កម្លាំង លែងមានអារម្មណ៍ធ្វើលំហាត់ប្រាណ ដែលនាំឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ប្រឈមនឹងជំងឺមហារីកសួត និងមហារីកដទៃទៀត។

ដំបូលន្មានរបស់អ្នកជំនាញ គឺអ្នកត្រូវចូលរួមសកម្មភាពធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ យ៉ាងហោចណាស់ ៣០នាទីក្នុងមួយថ្ងៃ ដើម្បីរក្សារាងកាយឲ្យមានសុខភាពល្អ៕

ដកស្រង់ពី៖ soha

មតិយោបល់