ព័ត៌មានសុខភាព

ពេលវេលាគួរ ឬពុំគួរផឹកតែបៃតង ដើម្បីជៀសវាងគ្រោះថ្នាក់

តែបៃតង គឺជាភេសជ្ជ:ដ៏ល្អបំផុតសម្រាប់សុខភាព ព្រោះវាអាចជួយសម្រកទម្ងន់ បណ្តេញជាតិពុលចេញពីរាងកាយ កាត់បន្ថយកូលេស្តេរ៉ុលអាក្រកក្នុងសរសៃឈាម និងទប់ស្តាក់ជំងឺមហារីកផងដែរ។

លើសពីនេះសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជា flavonoids និង polyphenols អាចបង្កើនប្រព័ន្ធភាពស៊ាំ ក៏ដូចជាប្រឆាំងនឹងជំងឺផ្តាសាយ យ៉ាងមានប្រសិទ្ធភាព។ សារធាតុប្រឆាំងអុកស៊ីតកម្មទាំងនេះ ក៏ល្អសម្រាប់ស្បែក និងសក់របស់អ្នកផងដែរ។

ក៏ប៉ុន្តែ ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនោះ គឺអាស្រ័យទៅលើពេលវេលានៃការទទួលទានផងដែរ បើពុំដូច្នោះទេវានឹងបង្កឲ្យមានផលប៉ះពាល់ដល់រាងកាយ។

កុំទទួលទាននៅពេលព្រឹក
ការទទួលទានតែបៃតង នៅពេលព្រឹកដោយមិនទាន់មានអ្វីចូលពោះសោះ អាចធ្វើឲ្យខូចថ្លើម ដោយសារតែជាតិកាហ្វេអ៊ីនខ្ពស់។ ហេតុនេះ អ្នកគួរតែទទួលទានតែបៃតង ចាប់ពីម៉ោង ១០ព្រឹក ឬពេលល្ងាច ទើបល្អសម្រាប់សុខភាព និងជំរុញឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ។

ការទទួលទាននៅចន្លោះពេលញ៉ាំអាហារ
យកល្អ អ្នកគួរតែទទួលទានតែបៃតងមុន ឬក្រោយពេលញ៉ាំអាហារ ២ម៉ោង ដើម្បីបង្កើនការស្រូបយកអាហារូបត្ថម្ភ និងមិនប៉ះពាល់ដល់ការស្រូបយកជាតិដែក។

ប្រសិនបើអ្នកទទួលទានតែបៃតងអំឡុងពេលញ៉ាំអាហារ បើពុំដូច្នោះទេសារធាតុប្រឆាំងអុកស៊ីតកម្មរបស់វា នឹងរារាំងដល់ការរំលាយអាហារ និងការស្រូបយកជាតិដែក។

ទទួលទានមុនពេលហាត់ប្រាណ
ការទទួលទានតែបៃតងមុនពេលធ្វើលំហាត់ប្រាណ អាចជួយដុតបំផ្លាញជាតិខ្លាញ់បានច្រើន ដោយសារតែវត្តមាននៃជាតិកាហ្វេអ៊ីន។ ថាមពលដែលបង្កើតពីជាតិកាហ្វេអ៊ីន នឹងជួយឲ្យអ្នកធ្វើលំហាត់ប្រាណបានយូរ។

ទទួលទានមុនពេលចូលគេង២ម៉ោង
ជាតិកាហ្វេអ៊ីន គឺជាភ្នាក់ងាររំញោចនៅក្នុងតែបៃតង ដែលត្រូវបានគេបញ្ជាក់ថា អាចរំខានដល់ការទទួលទានដំណេករបស់អ្នកនៅពេលយប់។ ផ្ទុយទៅវិញប្រសិនបើអ្នកទទួលទាន មុនពេលចូលគេង ២ម៉ោង វាអាចជួយរំលាយអាហារ និងបំលែងអាហារទៅជាថាមពលសម្រាប់ប្រើប្រាស់។

តើអ្នកគួរទទួទានតែបៃតងមួយថ្ងៃប៉ុន្មានពែង?
បើយោងតាមមជ្ឈមណ្ឌលសុខភាពនៃសាកលវិទ្យាល័យ Maryland Health Center បានបង្ហាញថា ការទទួលទានតែបៃតង ២ ទៅ ៣ពែងក្នុងមួយថ្ងៃ គឺល្អបំផុត។ ប្រសិនបើតែបៃតង ត្រូវបានប្រើហួសប្រមាណ សារធាតុចិញ្ចឹមសំខាន់ៗនឹងបណ្តេញចេញពីរាងកាយ៕

មតិយោបល់