ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អាមេរិកថ្កោលទោស ចំពោះផែនការកាំជ្រួចមីស៊ីលក្រុងព្យុងយ៉ាង ដោយព្រមានប្រឆាំងនឹងសកម្មភាពបង្កហេតុនេះ

អាមេរិក: រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ បានថ្កោលទោសចំពោះផែនការរបស់កូរ៉េខាងជើងយ៉ាងខ្លាំង បន្ទាប់ពីមេដឹកនាំផ្ដាច់ការលោក គីម ជុងអ៊ុន បានលើកឡើងថា «ប្រទេសរបស់លោក ​ជិតដល់ពេលធ្វើការសាកល្បង ក្នុងការបាញ់គ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប (ICBM) ហើយ» ដោយអាមេរិក បានព្រមានថា នឹងប្រឆាំងរាល់សកម្មភាពបង្កហេតុរបស់ក្រុងព្យុងយ៉ាង។ នេះបើយោងតាមរយ: សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី០២​ ខែមករា ឆ្នាំ២០១៧។

សេចក្តីថ្លែងការណ៍អាមេរិក បានប្រើពាក្យសម្ដីខ្លាំងៗថា «រដ្ឋទាំងអស់ នឹងប្រឆាំងដាច់ខាតនូវសកម្មភាពខុសច្បាប់ណាមួយ របស់កូរ៉េខាងជើង ដែលបង្កឲ្យមានផលវិបាក»។

បញ្ហានេះ ត្រូវបានលើកទ្បើងដោយមន្ទីរបញ្ចកោណ ស្ថិតនៅក្នុងពេលវេលាដ៏រសើប ដែលវាត្រឹមតែជាសប្តាហ៍មួយ មុនពេលប្រធានាធិបតីលោកបារ៉ាក់ អូបាម៉ា ត្រូវផ្ទេរអំណាចទៅឲ្យអ្នកស្នងតំណែងថ្មី គឺលោក ដូណាល់ ត្រាំ។

សេចក្តីថ្លែងការណ៍នេះ បានធ្វើទ្បើងក្រោយពេលលោក គីម បានគូសបញ្ជាក់ថា «ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ នូវបច្ចេកវិទ្យាសព្វាវុធ មានដំណើរការយ៉ាងសកម្មទៅមុខ ជាលំដាប់ ហើយអាចពង្រឹងដល់សមត្ថភាពបាញ់គ្រាប់មីស៊ីលផ្លោងឆ្លងទ្វីបរបស់ខ្លួន រហូតដល់ច្រាំងសមុទ្រអាមេរិក»៕

មតិយោបល់