ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ចិនលក់មុខយ៉ាងខ្លាំង ខណៈមេដឹកនាំកោះ​តៃវ៉ាន់ ជោគជ័យក្នុងជំនួបជាមួយអាមេរិក

អាមេរិក: ទោះបីជាមានការ​ហាម និងជំទាស់ពីភាគីចិនយ៉ាងណាក៏ដោយ ទៅនឹងទំនាក់ទំនងគ្រប់យ៉ាង​រវាង​មេដឹកនាំកោះ​តៃវ៉ាន់​ និង​ក្រុម​មន្ត្រី​អាមេរិកក៏ពិតមែន ប៉ុន្តែនៅថ្ងៃច័ន្ទនេះ លោកស្រី​ប្រធានាធិបតី​កោះតៃវ៉ាន់ Tsai Ing-wen បានជួប​ជាមួយ​សមាជិកព្រឹទ្ធសភាអាមេរិក លោក Ted Cruz និងលោក Greg Abbott អភិបាល​រដ្ឋ​ Texas ហើយ។ នេះបើយោងតាមរយ: សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧។​

អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន លោក Lu Kang ​បាន​ប្រាប់ពួក​អ្នកកាសែត​ថា​ «ប្រទេស​ចិន​ប្រឆាំងដាច់ខាតនៅរាល់​សកម្មភាព​ទាំងឡាយ​ណា ​ដែលធ្វើឲ្យប៉ះពាល់ និងខូចខាតដល់​ទំនាក់ទំនង​រវាង​ចិន និងអាមេរិក»។

ជំនួបនេះ បានកើតមានឡើង​នៅ​ទីក្រុង Houston បន្ទាប់ពីលោកស្រី​ Tsai បាន​ឈប់​សំចត​នៅ​ទី​នោះ នៅមុន​ពេលលោកស្រី​ធ្វើដំណើរ​ទៅ​កាន់ទ្វីបអា​មេរិកកណ្តាល។

​មុនពេលមានជំនួបកិច្ចចរចា​នេះ​​ដែរ គណ:ប្រតិភូ​សភា​ Houston បានទទួលសំបុត្រមួយពី​ស្ថានកុងស៊ុលចិន ដោយក្នុងនោះបានសេរសេរថា ​សុំកុំឱ្យ​ពួក​គេ​ជួបជំនុំជាមួយ​ប្រធានាធិបតី​កោះតៃវ៉ាន់ នេះយោងតាមលោក​ Cruz បានលើកទ្បើង។

ភ្លាមៗនោះដែរ លោក Cruz ក៏បានឆ្លើយតបទៅចិនវិញ​ថា​ «នៅ​ក្នុងប្រទេស​អាមេរិក ​ចិនគ្មាន​អំណាច​វ៉េតូ​ជំទាស់នោះ​ទេ យើង​មានសិទ្ធិធ្វើ​សេចក្តី​សម្រេច​ដោយ​ខ្លួន​យើង ក្នុងការជួប​ជាមួយ​ពួកភ្ញៀវ ហើយយើងនឹង​បន្តជួបជាមួយ​ភ្ញៀវ​ទាំង​ឡាយ​ណា​ ដែល​យើង​យល់ថា​ស័ក្តិសមជួប​ជាមួយ​»៕

មតិយោបល់