ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មន្ត្រីកម្ពុជា ជិត៨ពាន់នាក់ ប្រកាសទ្រព្យសម្បត្តិ និងបំណុល រយៈពេល១១ថ្ងៃ

ភ្នំពេញ: នៅសល់រយ:ពេលជិត២០ថ្ងៃទៀត ដែលមន្ត្រីរាជការរបស់រដ្ឋមកពីគ្រប់ក្រសួង ស្ថាប័ន មន្ទីរ ត្រូវទៅធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនលើកទី៤ ប្រចាំឆ្នាំ២០១៧ ខណ:ការប្រកាសនេះ នឹងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។ ជាមួយគ្នា គិតត្រឹមថ្ងៃទី១១ ខែមករានេះ មានរយ:ពេល១១ថ្ងៃគត់ ដែលមានមន្ត្រីមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួនជិត៨ពាន់នាក់ នៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ខណ:ក្រសួង-ស្ថាប័នចំនួន៣ និងខេត្តចំនួន១ បានបញ្ចប់ការប្រកាសរបស់ខ្លួនដោយជោគជ័យ ១០០%។

យោងលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយ ផ្ញើជូនស្ថាប័នផ្សព្វផ្សាយរដ្ឋ និងឯកជន តាមបណ្ដាញសង្គម Telegram នាព្រឹកថ្ងៃទី១៣ ខែមករានេះ ឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ មន្ត្រីដែលបានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលសរុប មានចំនួន៧៦៥៧រូប គ្រាដែលនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ តែមួយថ្ងៃនេះ មានមន្ត្រីមកប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន៤០៧រូប។

លិខិតក៏បញ្ជាក់ផងដែរថា រយ:ពេល១១ថ្ងៃនេះ មានក្រសួង-ស្ថាប័នចំនួន៣ និងខេត្តចំនួន១ បានបញ្ចប់ការប្រកាសរបស់ខ្លួនដោយជោគជ័យ ១០០%។ ក្នុងនោះ រួមមាន ១- ក្រសួងផែនការ ២- ធនាគារជាតិនៃកម្ពុជា ៣- គណ:កម្មាធិការជាតិរៀបចម្ការបោះឆ្នោត (គ.ជ.ប) និងខេត្តកំពង់ចាម។

គួរបញ្ជាក់ថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុលលើកទី៤នេះ ដំណើរការរយ:ពេល៣១ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់ ACU ក្នុងមួយខែមករានេះ ធ្វើការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ៧ថ្ងៃក្នុងមួយសប្ដាហ៍ ដោយមិនមានការឈប់សម្រាកមិនថា ថ្ងៃសៅរ៍-អាទិត្យ ឬថ្ងៃបុណ្យឡើយ ចាប់ពីម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង៥៖០០នាទីល្ងាច៕

មតិយោបល់