ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ដោះមីនខុសបច្ចេកទេស ផ្ទុះស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញ: បុគ្គលិកអង្គការពីរនាក់ មានម្នាក់ ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនមកតាមឧទ្ធម្ភាគចក្រយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីព្យាយាមដោះមីនមិនបានសម្រេច។ ហេតុការណ៍ផ្ទុះគ្រាប់មីននេះ បានកើតឡើងនៅវេលាម៉ោង៧៖៣០នាទី ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចអូរតាផៃ ស្ថិតក្នុងភូមិបរហ៊ុយជើង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

មន្ត្រីនគរបាលខេត្តប៉ៃលិន អនុសេនីយ៍ទោ វ៉ន វាសនា ប្រាប់ឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ លឿង រស្មី ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរបុគ្គលិកអង្គការ HALLO រស់នៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែកជនរងគ្រោះទី២ ឈ្មោះ ងុយ ថានី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកអង្គការ HALLO រស់នៅភូមិអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង បានរងរបួសធ្ងន់ ត្រូវបានឧទ្ធម្ភាគចក្រដឹកយកទៅសង្គោះបន្ទាន់នៅឯមន្ទីរពេទ្យរាជធានីភ្នំពេញ។

ហេតុការណ៍ផ្ទុះគ្រាប់មីនខាងលើនេះ លោក វ៉ន វាសនា បញ្ជាក់ថា បណ្តាលមកពីឈ្មោះ លឿង រស្មី (ស្លាប់) បានរាវរកឃើញគ្រាប់មីនប្រភេទ GYATA មិនទាន់ផ្ទុះ រួចក៏ធ្វើការដោះមីន តែធ្វើមិនបានជោគជ័យ ក៏បណ្តាលឲ្យផ្ទុះរងរបួសរហូតដល់បាត់បង់ជីវិតខ្លួនឯង និងបណ្តាលឲ្យនារីរងគ្រោះម្នាក់ទៀត ឈ្មោះ ងុយ ថានី ទទួលរងរបួសធ្ងន់ធ្ងរ ខណ:ដែលកំពុងធ្វើការរុករកមីននៅក្បែរគ្នានោះ។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានរក្សាទុកនៅទីស្នាក់ការរបស់អង្គការ ដើម្បីរង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់