ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បទបញ្ជាលោក ត្រាំ៖ ជនភៀសខ្លួនជាច្រើន ត្រូវបានឃុំខ្លួននៅព្រលានយន្តហោះអាមេរិក

អាមេរិក: ជនភៀសខ្លួនដែលចូលមកដល់សហរដ្ឋអាមេរិក កំពុងត្រូវបានឃាត់ខ្លួនទុកនៅឯព្រលានយន្តហោះ បន្ទាប់ពីប្រធានាធិបតីលោក ដូណាល់ ត្រាំ បានចេញបទបញ្ជាហាមប្រាមមិនឲ្យជនចំណាកស្រុក និងជនភៀសខ្លួនមកពីប្រទេសម៉ូស្លីមជាច្រើន ចូលមកក្នុងប្រទេស។ នេះបើយោងតាមរយ: សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧។

ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នា នៅព្រលានយន្តហោះ John F. Kennedy ទីក្រុងញូវយ៉ក ដើម្បីទាមទារឲ្យដោះលែងជនភៀសខ្លួន ដែលបានជាប់ឃុំនៅទីនោះ។

រហូតមកទល់ពេលនេះ គេនៅមិនទាន់អាចសន្និដ្ឋានបានយ៉ាងណាទេ អំពីបទបញ្ជារបស់លោក ដូណាល់ ត្រាំ ប៉ុន្តែផលប៉ះពាល់វាពិតជាមានប្រាកដណាស់។

លោក ត្រាំ នឹងត្រូវប្រឈមមុខបញ្ហាផ្នែកច្បាប់ពីក្រុមសិទ្ធិមនុស្សជាច្រើន ខណ:ប្រជាជនដែលភៀសខ្លួនចេញពីប្រទេសស៊ីរី ត្រូវបានហាមឃាត់មិនឲ្យចូលមកក្នុងសហរដ្ឋអាមេរិក រហូតដល់មានការជូនដំណឹងបន្ថែមទៀត។

ក្នុងនោះដែរបណ្តាប្រទេសផ្សេងទៀត មានដូចជា អ៊ីរ៉ង់ អ៊ីរ៉ាក់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែនជាដើម ក៏កំពុងទទួលរងផលប៉ះពាល់ផងដែរ។

គួរបញ្ជាក់ដែរថា គោលនយោបាយហាមប្រាមមិនឲ្យជនភៀសខ្លួន ចូលមកក្នុងអាមេរិកទាំងមូល បាន បង្កផលប៉ះពាល់ដល់មនុស្សមកពីបណ្តាប្រទេសជាច្រើនទៀត បន្ទាប់ពីបទបញ្ជានេះ ត្រូវអនុវត្តឲ្យផ្អាកការមកដល់ជនភៀសខ្លួនរយ:ពេល ១២០ ថ្ងៃ៕

មតិយោបល់