ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លោកស្រី អោងសាន ស៊ូជី ត្រូវបានដកតំណែងចេញខ្លះដើម្បីសម្រាកបន្ទុក

(ណៃពិដោ)៖ ប្រធានាធិបតីមីយ៉ាន់ម៉ា យូ ធីន យ៉រ (U Htin Kyaw) បានដាក់សំណើថ្មីទៅកាន់សភាជាតិ ដើម្បីដកដាក់តំណែងនៅក្នុងជួររដ្ឋាភិបាលមួយចំនួន ដោយក្នុងនោះលោកស្រី អោងសាន ស៊ូជី នឹងត្រូវបន្ថយមកកាន់តំណែងត្រឹមតែពីរក្រសួងប៉ុណ្ណោះ គឺក្រសួងការបរទេស និង ការិយាល័យប្រធានាធិបតី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃច័ន្ទ ទី០៤ ខែមេសា ឆ្នាំ២០១៦។
សម្រាប់តំណែងរដ្ឋមន្ត្រីក្រសួងអប់រំប នឹងត្រូវប្តូរទៅឲ្យលោក U Myo Thein Gyi និង ក្រសួងថាមពល និង អគ្គិសនីបានទៅលើលោក U Pe Zin Tun។ មន្ត្រីដែលឡើងកាន់តំណែងទាំងអស់សុទ្ធសឹងតែ ជាសមាជិកជាប់ឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី។
ដោយឡែកខាងយោធាក៏បានដាក់សំណើមកកាន់ប្រធានាធិបតីឲ្យតែងតាំងលោក U Tun Tun Oo ជាអគ្គព្រះរាជអាជ្ញាផងដែរ។ សម្រាប់ការអនុម័តទាំងអស់ពីសភា នឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារ ប្រសិនបើមិនមានការជំទាស់ណាមួយ រហូតដល់ម៉ោង ៦ល្ងាចថ្ងៃច័ន្ទ នេះ៕

  

មតិយោបល់