ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បុរសម្នាក់បានយកកាំភ្លើងគំរាមអ្នករត់ម៉ូតូឌុប ត្រូវបានប៉ូលិសឃាត់ខ្លួន

(ភ្នំពេញ)​ ៖​ បុរសម្នាក់បានយកកាំភ្លើងដើរគំរាមកំហែងគេ​ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឫស្សីកែវ​ និងប្រជាការពារឃាត់ខ្លួនកាលពីវេលាម៉ោង​ ៦និង០០នាទីល្ងា​ ថ្ងៃទី២៣​ ខែមីនា​ ​ឆ្នាំ​២០១៦ ស្ថិតនៅត្រង់ចំណុចផ្លូវជាតិលេខ៥ ក្រុមទី១ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ។ 
លោក តូច គឹមសុង នាយប៉ុស្តិ៍ឫស្សីកែវបានប្រាប់ឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ ថ្ងៃទី២២​ ខែមីនា​ ឆ្នាំ​២០១៦​ វេលាម៉ោង​ ១២និង៣០នាទីរំលងអាធ្រាត​ ឈានចូលថ្ងៃទី២៣​ ខែមីនា​ ឆ្នាំ​២០១៦​ ជនរងគ្រោះបានអង្គុយធ្វើម៉ូតូ​ ពេលនោះ​ ស្រាប់តែជនសង្ស័យបានជិះម៉ូតូមករកទិញស្រា​ ក្រោយមកជនសង្ស័យបានបាញ់ភ្លើងត្រូវមុខជនរងគ្រោះ​ ពេលនោះក៏បានកើតជារឿងពាក្យទំនាស់ជាមួយគ្នា ។ ក្រោយមកជនសង្ស័យមិនអស់ចិត្តបានដកកាំភ្លើងជ័រចេញពីក្នុងកាបូបមកភ្ជុងគំរាមជនរងគ្រោះហើយបានបើកម៉ូតូចេញទៅបាត់​ ។ 
លុះដល់ម៉ោង​ ៥និង០០នាទីល្ងាច​ ថ្ងៃទី២៣​ ខែមីនា​ ឆ្នាំ២០១៦​ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលឫស្សីកែវ​ នៅពេលដែលដាក់ពាក្យបណ្តឹងរួចមក កម្លាំងសមត្ថកិច្ចជំនាញខណ្ឌ​ និងប៉ុស្តិ៍បានបើកការស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបបានជនសង្ស័យនៅវេលាម៉ោង​ ៦និង០០នាទីល្ងាចថ្ងៃដដែល ស្ថិតនៅចំណុចបន្ទប់ជួលក្រុមទី១០​ ភូមិសាមគ្គី ក្រោយមកក៏បានយកទៅប៉ុស្តិ៍​ ដើម្បីសាកសួរ ។ 
ជនសង្ស័យដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួននោះមានឈ្មោះ រ័ត្ន ឃ្លីមពីដា ហៅ​ ដា ភេទ​ ប្រុស អាយុ​ ៣០ឆ្នាំ ស្នាក់នៅផ្ទះជួល ក្រុមទី១០ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ។ ចំណែកឯជនរងគ្រោះមាន​ឈ្មោះ​ សុខ សម្បត្តិ ភេទ​ ប្រុស អាយុ​ ៣២ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិសាមគ្គី សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ ។
បច្ចុប្បន្នជនសង្ស័យខាងលើ​ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ​ បញ្ជូនខ្លួនទៅឃុំជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ​ និងចាត់ការតាមនិតិវិធី​ ៕​  

   

មតិយោបល់