ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រឹត្តិការណ៍ សំខាន់ៗ

ពេជ្រ ភិរុណ ស្លាប់ចិត្តនឹងកាដូ អម្ពរ ទេវី

ភ្នំពេញ: បន្ទាប់ពីចេញមុខប្រកាសថា លោកនឹងធ្វើជាអ្នកកាត់សំលៀកបំពាក់គ្រប់ឈុតឲ្យអ្នកនាង អម្ពរ ទេវី ស្លៀកថតរឿង «ទឹកចិត្តម្ដាយសម័យថ្មី» ដោយមិនយកកម្រៃមួយរៀល លោក ពេជ្រ ភិរុណ អតីតស្វាមីក៏បានលើកសរសើរពីទឹកចិត្តរបស់អ្នកនាង អម្ពរ ទេវី ពាក់ព័ន្ធនឹងកាដូមួយចំនួន ដែលធ្វើឲ្យលោកស្លាប់ចិត្តនោះផងដែរ។ នេះជាការប្រកាសមួយថ្មី ដែលធ្វើឲ្យមានចំណាប់អារម្មណ៍ ក្នុងពេលដែលលោក និងអ្នកនាង អម្ពរ ទេវី បែកដាច់គ្នាយូរមកហើយ ប៉ុន្តែបែរជាមានកាដូផ្គាប់ចិត្តគ្នាទៅវិញទៅមកមិនដែលដាច់។

លោក ពេជ្រ  ភិរុណ និយាយថា ថ្វីដ្បិតតែរវាងលោក និងអ្នកនាង អម្ពរ ទេវី បានសម្រេចចិត្តលែងលះគ្នាតាំងពីឆ្នាំ២០០១ ប៉ុន្តែទំនាក់ទំនងរវាងលោក និងអ្នកនាង គឺមិនខុសពីប្ដីប្រពន្ធ ដែលរស់នៅឆ្ងាយគ្នានោះទេ ដោយក្រៅពីទូរស័ព្ទរកគ្នាទៅវិញទៅមក អ្នកនាង និងលោកក៏នៅតែផ្ញើកាដូឲ្យគ្នាវិញទៅមក ដោយមិនគិតពីផលប្រយោជន៍។ លោកថា អ្នកនាង អម្ពរ ទេវី ឲ្យតែត្រូវការសំលៀកបំពាក់នៅក្នុងពិធីផ្សេងៗ គឺលោកកាត់ផ្ញើឲ្យភ្លាមៗ បើទោះជាឈុតទាំងនោះមានតម្លៃដល់មួយកំប្លេ៥០០ ទៅ៦០០ដុល្លារក៏ដោយ។ លោកថា មិនដែលទទួលថវិកាពីអ្នកនាងសូម្បីមួយសេននោះទេ ប៉ុន្តែអ្វីដែលលោកបានទទួលពីអ្នកនាង អម្ពរ ទេវី វិញក៏មិនតិចនោះដែរ មិនថាលុយកាក់ពេលលោកមានរវល់ធុរ: និងកាដូផ្សេងៗ។ លោកថា អ្នកនាងបានផ្ដល់ទឹកចិត្តឲ្យលោកស្លាប់ចិត្តភាគច្រើន ទើបបណ្ដាលឲ្យទំនាក់ទំនងរវាងលោក និងអ្នកនាងនៅតែល្អូកល្អិន។

ជាក់ស្ដែង ក្នុងចំណោមកាដូដែលអ្នកនាង អម្ពរ ទេវី បានផ្ញើឲ្យ ត្រូវលោកអះអាងថា ត្រូវចិត្តនឹងអាវរូបសាក់ដែលលោកបានពាក់ថតនោះជាច្រើនជាងគេ ដោយសារតែអាវទាំងនោះ មានច្រើនម៉ូដ និងមានរូបសាក់ដូចគ្នានឹងសាក់នៅលើដងខ្លួនពិតៗ។ លោកនិយាយថា «ខ្ញុំ និងអ្នកវី (អម្ពរ ទេវី) បើនិយាយពីទំនាក់ទំនង គឺអត់ដូចមនុស្សលែងគ្នាទេ ព្រោះគាត់គិតគូរខ្ញុំ ហើយខ្ញុំក៏គិតគូរគាត់ ជាក់ស្ដែងគ្រាន់តែដឹងថា ខ្ញុំចង់បានអាវសាក់គាត់ទិញផ្ញើមកឲ្យខ្ញុំភ្លាម ខ្ញុំពេញចិត្តអាវសាក់នឹងណាស់ ព្រោះមើលទៅដូចសាក់មែនទែន!»

លោកថា ក្រៅពីកាដូអាវសាក់ ដែលលោកសរសើរមិនដាច់ពីមាត់ អ្នកនាង អម្ពរ ទេវី ក៏ផ្ដល់វត្ថុអនុស្សាវរីយ៍ធ្វើឲ្យលោកស្លាប់ចិត្តច្រើនទៀត ប៉ុន្តែមិនមានន័យថា លោក និងអ្នកនាង អាចត្រឡប់ទៅត្រូវរ៉ូវគ្នាដូចពេលមិនទាន់លែងលះនោះទេ។

លោក ពេជ្រ ភិរុណ និយាយថា ក្នុងពេលអ្នកនាងចុះមកថតកុននៅស្រុកខ្មែរ លោកនឹងត្រៀមកាត់ឈុតជាច្រើនឲ្យអតីតភរិយាស្លៀកថត ដោយសំលៀកបំពាក់ទាំងនោះ ក្រៅពីមិនយកលុយហើយ ក៏នឹងជូនអ្នកនាងធ្វើជាកាដូពេលត្រឡប់ទៅវិញផងដែរ។ យ៉ាងណាក៏ដោយ រវាងលោក និងអ្នកនាង លោកថា គឺមិនអាចលើសពីមិត្តភ័ក្រ្ត ឬបងប្អូន ដែលនៅរាប់គ្នា ព្រោះតែដើម្បីកូនៗនោះឡើយ៕

មតិយោបល់