ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កូនប្រុសអតីតមេគុកស្រុកខ្មែរ ស្ថិតក្នុងកណ្ដាប់ដៃតុលាការ ខណៈយករថយន្តពាក់ស្លាកលេខនគរបាល ទៅបញ្ចាំ និងឆបោកលុយពលរដ្ឋ

ភ្នំពេញ: កូនប្រុសលោក គុយ ប៊ុនសន អតីតអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ត្រូវព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុគន្ធា ចោទប្រកាន់ពីបទ រំលោភលើទំនុកចិត្ត តាមមាត្រា៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធលើរឿងទិញលក់រថយន្តពាក់ស្លាកលេខ នគរបាល មួយគ្រឿង ក្រោយពីកូនមន្ត្រីជាន់ខ្ពស់រូបនេះ បានលក់រថយន្តឲ្យទៅភាគីជនរងគ្រោះ ក្នុងតម្លៃ៨ពាន់ដុល្លារ បានត្រឹមតែ១០ថ្ងៃប៉ុណ្ណោះ ក៏ទារយករថយន្តទៅវិញ ដោយមិនសងប្រាក់មកឲ្យជនរងគ្រោះ។

យោងតាមឯកសាររបស់តុលាការ ដែល Post News ទទួលបាននៅរសៀលថ្ងៃទី២១ ខែកក្កដានេះ បានបង្ហាញថា លោក កែវ សុគន្ធា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ បានសម្រេចចោទប្រកាន់លើឈ្មោះ គុយ សិទ្ធិសក្កិ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពីបទរំលោភលើទំនុកចិត្ត តាមមាត្រា៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ រួចបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរចាត់ការបន្ត។

ដើមចមនាំឲ្យមានរឿងរ៉ាវខាងលើ ត្រូវបានឯកសាររបស់តុលាការដដែល បញ្ជាក់ទៀតថា កាលពីថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៦ ជនសង្ស័យឈ្មោះ គុយ សិទ្ធិសក្កិ បានយករថយន្តមួយគ្រឿងម៉ាក Hummer H2 ពាក់ស្លាកលេខ នគរបាល ២-៦៨២៨ មកដាក់បញ្ចាំយកប្រាក់ពីដើមបណ្ដឹងឈ្មោះ ស៊ឹម សុធារ៉ា ចំនួន៥ពាន់ដុល្លារអាមេរិក។ នៅពេលទទួលបានប្រាក់ពីដើមបណ្ដឹង (ស៊ឹម សុធារ៉ា)ហើយ ឈ្មោះ គុយ សិទ្ធិសក្កិ បានសុំខ្ចីរថយន្តដែលខ្លួនដាក់បញ្ចាំឲ្យដើមបណ្ដឹងនោះ ថាយកទៅផ្ទះសិន ហើយក៏យករថយន្តនោះទៅបាត់តែម្ដង។ បន្ទាប់មក ដើមបណ្ដឹងឈ្មោះ ស៊ឹម សុធារ៉ា ក៏បានព្យាយាមទំនាក់ទំនងទៅឈ្មោះ គុយ សិទ្ធិសក្កិ ប៉ុន្តែទាក់ទងមិនបានរហូតមកដល់ពេលបច្ចុប្បន្ន។

បើតាមគណនីហ្វេសប៊ុកឈ្មោះ Sim Sotheara ដែលបានបង្ហោះចេញនៅវេលាម៉ោងប្រមាណជា៧យប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ក៏បានបង្ហាញផងដែរ ពីឯកសារទិញលក់រថយន្តរវាងឈ្មោះ គុយ សិទ្ធិស័ក្ក ភេទប្រុស អាយុ២៦ឆ្នាំ (ភាគីអ្នកលក់) មានទីលំនៅរាជធានីភ្នំពេញ បានសម្រេចលក់រថយន្តមួយគ្រឿងម៉ាក Hummer ពណ៌ខ្មៅ ក្នុងតម្លៃ៨ពាន់ដុល្លារ កក់មុន៥០០០ដុល្លារ ទៅឲ្យឈ្មោះ ស៊ីម សុធារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ(ភាគីអ្នកទិញ) មានទីលំនៅក្នុងខណ្ឌចម្ការមន រាជធានីភ្នំពេញ។ ជាមួយគ្នានេះ ក៏មានវីដេអូពីកិច្ចសន្ទនារវាងឈ្មោះ គុយ សិទ្ធិស័ក្ក និងឈ្មោះ ស៊ីម សុធារ៉ា និយាយពីការយករថយន្តទៅវិញផងដែរ ដោយបង្ខំឲ្យប្រគល់រថយន្តជាបន្ទាន់ ដែលទំនងជាខ្លាចឪពុកដឹងអាចមានបញ្ហាធំ។

លោក ស៊ីម សុធារ៉ា បញ្ជាក់ប្រាប់ Post News ថា លោកសុំមិនធ្វើអត្ថាធិប្បាយអ្វីច្រើននោះទេ ដោយលោកទុកសិទ្ធិឲ្យមេធាវីរបស់លោកចាត់ការជំនួស។ យ៉ាងណាមិញ លោកបានបញ្ជាក់ថា កូនប្រុសលោក គុយ ប៊ុនសន គឺឈ្មោះ គុយ សិទ្ធិស័ក្ក ពិតជាបានលក់រថយន្តឲ្យខ្លួនប្រាកដមែន ប៉ុន្តែឈ្មោះ សិទ្ធិស័ក្ក បានយករថយន្តទៅវិញ ដោយមិនសងប្រាក់ឲ្យខ្លួនសូម្បីមួយសេនឡើយ។ ក្រោយមក លោកបានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ ហើយព្រះរាជអាជ្ញាក៏បានកោះហៅឈ្មោះ គុយ សិទ្ធិសិក្ក ចូលខ្លួនចំនួន៣លើកដែរ ប៉ុន្តែគេគេចវេសមិនចូលបំភ្លឺឡើយ។

ជុំវិញករណីនេះផងដែរ Post News នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ បានព្យាយាមទំនាក់ទំនងទៅក្រុមគ្រួសារលោក គុយ សិទ្ធិសក្កិ ដើម្បីសុំធ្វើការពន្យល់ផងដែរ ប៉ុន្តែទូរស័ព្ទចូលហើយ គ្មានអ្នកទទួល។

បើយោងតាមមាត្រា៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា បានចែងថា អំពើរំលោភលើទំនុកចិត្ត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៦លានរៀល។

គួរជម្រាបថា លោក គុយ សិទ្ធិសក្កិ គឺជាអតីតសង្សាររបស់តារាចម្រៀងផលិតកម្ម Phleng Record កញ្ញា វ៉ាន់ នីឡា ដែលកាលពីពេលថ្មីៗនេះ បានដាក់ពាក្យបណ្ដឹងទៅក្រសួងមហាផ្ទៃ ពាក់ព័ន្ធលើករណីជនអនាមិកទម្លាយរូបអាក្រាតរបស់នាង ហើយត្រូវបានគេដាក់បន្ទុកទៅលើលោក គុយ សិទ្ធិសិក្ក។ ប៉ុន្តែខណ:រឿងនេះ នៅមិនទាន់ដោះស្រាយនៅឡើយ លោក គុយ សិទ្ធិសក្កិ បែរជាផ្ទុះរឿងគេចបំណុល និងឆបោករឿងទិញលក់រថយន្តជាបន្តបន្ទាប់គ្នា គួរឲ្យភ្ញាក់ផ្អើល។ ការលេចឡើងនូវរឿងអាស្រូវបន្ថែមពីលើរឿងចាស់នេះ ធ្វើឲ្យគេផ្ដោតការចាប់អារម្មណ៍កាន់តែខ្លាំងទៅលើកូនមន្ត្រីជាន់ខ្ពស់រូបនេះ៕

មតិយោបល់