ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច ព្រឹត្តិការណ៍ សំខាន់ៗ

ADB នឹងបង្ហាញពីវឌ្ឍនភាពនៃការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅកម្ពុជា

ភ្នំពេញ: ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា (ADB) នឹងធ្វើការអញ្ជើញមន្រ្តីរដ្ឋាភិបាលពាក់ព័ន្ធចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ ដើម្បីអបអរសាទរខួបទី៥០ នៃវត្តមាន និងការរួមចំណែករបស់ខ្លួននៅកម្ពុជា នាពេលខាងមុខ។

គម្រោងការអញ្ជើញនេះ បានធ្វើឡើងរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ ខណ:ពេលលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុញ្ញាតឲ្យលោក Samiuela T. Tukuafu នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនោះ លោកនាយក ADB បានជម្រាបជូនថា សម្រាប់ការប្រារព្ធពិធីអបអរខួបទី៥០នេះ ធនាគារអភិវឌ្ឍន៍អាស៊ី នឹងរៀបចំនូវព្រឹត្តិការណ៍ធំៗ ចំនួន២ គឺកិច្ចពិភាក្សាកម្រិតខ្ពស់ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា តំណាងវិស័យឯកជន និងតំណាងស្ថាប័នពាក់ព័ន្ធមួយចំនួន ដើម្បីធ្វើជាវាគ្មិនដែលគ្រោងធ្វើនៅដើមខែតុលាខាងមុខ។ កិច្ចពិភាក្សាកម្រិតខ្ពស់នេះ នឹងផ្តោតលើការចូលរួមចំណែករបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកម្ពុជា ក្នុងអំឡុងពេល៥០ឆ្នាំ មកនេះ។ កិច្ចពិភាក្សាកម្រិតខ្ពស់នេះហើយ ដែលជាកម្មវត្ថុនៃការអញ្ជើញលោករដ្ឋមន្ត្រីចូលរួមរបស់ធនាគារអភិវឌ្ឍន៍អាស៊ីនាពេលនេះ។ ព្រឹត្តិការសំខាន់មួយទៀត គឺការប្រកួតប្រជែងជាអត្ថបទសម្រាប់និស្សិតកម្ពុជា ស្តីពីការរួមចំណែករបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា និងវិស័យដែលធនាគារអភិវឌ្ឍន៍អាស៊ីអាច ជួយដល់កម្ពុជា នាពេលអនាគត។

ក្នុងឱកាសនោះ លោក វេង សាខុន រដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានជួយឧបត្ថម្ភដល់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា និងនិយាយដោយឡែក ចំពោះការអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា ដែលជាវិស័យចម្បងមួយដែលធនាគារអភិវឌ្ឍន៍អាស៊ី បានយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ជំនួយរបស់ខ្លួន។

លោករដ្ឋមន្ត្រីបានទទួលយកការអញ្ជើញរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការចូលរួមជាវាគ្មិននៃវេទិកាពិភាក្សាកម្រិតខ្ពស់។ ក្រៅពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាពីកិច្ចសហប្រតិបត្តិការ និងការរួមចំណែកបន្តរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចំពោះការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា៕

photo_2016-08-09_17-16-00

មតិយោបល់