ព័ត៌មានអន្តរជាតិ

ពួកឧទ្ទាមអ៊ុយក្រែន យល់ព្រមចំពោះបទឈប់បាញ់គ្នាថ្មី ខណៈមិនទាន់កំណត់ពេលនៃកិច្ចចរចា

អ៊ុយក្រែន: មេដឹកនាំបះបោរកំពូលអ៊ុយក្រែនម្នាក់ កាលពីថ្ងៃសុក្រ បានឲ្យដឹងថា ពួកឧទ្ទាមបានយល់ព្រម ចំពោះបទឈប់បាញ់គ្នា ខណ:មិនទាន់កំណត់ពេល សម្រាប់កិច្ចចរចារវាងទីក្រុងម៉ូស្គូ និងក្រុងកៀវនៅទ្បើយទេ តែវានឹងចូលជាធរមានចុងសប្តាហ៍នេះ។ នេះបើយោងតាមរយ: សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦។

នេះជាបទឈប់បាញ់ចុងក្រោយមួយ ដែលត្រូវបានធ្វើទ្បើងដោយមានជំនួយពីអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅអឺរ៉ុប បន្ទាប់ពីការកើនឡើងនៃការប្រយុទ្ធគ្នាមួយ ដែលបានអះអាងថា ទាហានអ៊ុយក្រែន ៨ នាក់ ត្រូវបានបាត់បង់ជីវិត នៅសប្តាហ៍នេះ។

ដកស្រង់សម្តីលោក Denis Pushilin អ្នកចរចារបស់ពួកឧទ្ទាម បាននិយាយថា «បទឈប់បាញ់គ្នានេះ នឹងត្រូវចូលជាធរមាន នៅកណ្តាលអធ្រាត្រថ្ងៃសៅរ៍នេះ »។

ការអត្ថាធិប្បាយរបស់លោក បានធ្វើទ្បើងភ្លាមៗជាការសាទរ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko បានផ្តល់ជាសញ្ញាថា ប្រទេសរបស់ខ្លួន ចង់បានសន្តិភាពរយ:ពេលយូរអង្វែង។

គួរបញ្ជាក់ដែរថា អ៊ុយក្រែន ត្រូវបានគេកត់សម្គាល់ឃើញថា ជាប្រទេសមួយ បានកំណត់បទឈប់បាញ់គ្នាជាបន្តបន្ទាប់ ប៉ុន្តែតែងតែបរាជ័យ ដោយវាត្រូវបានបញ្ចប់ទៅវិញ អំឡុងពេលមានជម្លោះប្រយុទ្ធគ្នា ដែលបណ្ដាលឲ្យមនុស្សស្លាប់ជិត ១០.០០០ នាក់៕

មតិយោបល់