ព័ត៌មានអន្តរជាតិ

Update៖ រអិលបាក់ដីនៅកូឡុំប៊ី សម្លាប់កុមារ ៤៤ នាក់ ក្នុងចំណោមអ្នកស្លាប់ទាំងនោះ

កូឡុំប៊ី: ប្រធានាធិបតី លោក Juan Manuel Santos បាននិយាយថា​ ការរអិលបាក់ដី ដែលបានវាយប្រហារនៅភាគនិរតីនៃប្រទេស កុមារជាច្រើននាក់ បានស្ថិតក្នុងចំណោមអ្នកស្លាប់ទាំងនោះ។​ នេះបើយោងតាមរយ: សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃ០៤ ខែមេសា ឆ្នាំ២០១៧។

លោកបានបន្ថែមថា ភ្លៀងធ្លាក់ឥតដាច់ជាប់គ្នាៗជាច្រើនម៉ោង នៅតំបន់ជនបទ Mocoa បានបង្កឲ្យជន់លិចទន្លេជាច្រើន ដែលវាបាននាំយកនូវទឹកជំនន់ ជាមួយនឹងភក់ល្បាប់ទៅបំផ្លិច​បំផ្លាញ​លំនៅដ្ឋានប្រជាជននៅក្នុងខេត្ត Putumayo ខណ:ដែលចំនួនអ្នកស្លាប់ នាពេលបច្ចុប្បន្ន គឺមាន ២០៧ នាក់ ដោយ ១៧០ នាក់ ត្រូវបានគេស្គាល់អត្តសញ្ញាណហើយ ក្នុងនោះរួមមានកុមារ ៤៤ នាក់ ។

ទាហាន និងប៉ូលិសជាង ១.០០០ នាក់ ត្រូវបានរដ្ឋាភិបាលដាក់ពង្រាយ នៅក្នុងការចូលរួមកិច្ចខិតខំប្រឹងប្រែង ផ្តល់ជំនួយសង្គ្រោះបន្ទាន់ ក្នុងខេត្ត Putumayo ។

សូមជំរាបថា តាមរបាយការណ៍របស់កងទ័ពកាលពីពេលថ្មីៗ បានឲ្យដឹងថា ការរអិលបាក់ដីនេះ មានមនុស្ស ២០០ នាក់ កំពុងបាត់ខ្លួន ប៉ុន្តែលោកប្រធានាធិបតី បានលើកទ្បើងកាលពីរសៀលថ្ងៃអាទិត្យថា មកទល់ពេលនេះ មិនទាន់មានតួលេខនៃអ្នកបាត់ខ្លួនជាផ្លូវការនោះទេ៕

មតិយោបល់