ព័ត៌មានអន្តរជាតិ

ក្ដៅៗ កូរ៉េខាងជើងនៅតែផ្គើនដាក់អន្តរជាតិ ខណៈបន្តបាញ់មីស៊ីលថ្មីមួយទៀត ចូលទៅក្នុងសមុទ្រជប៉ុន

កូរ៉េ: នៅថ្ងៃពុធនេះ កូរ៉េខាងជើង បានបាញ់មីស៊ីលឆ្លងទ្វីប បំពាក់ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរ ចូលទៅក្នុងសមុទ្រនៃប្រទេសជប៉ុន ដែលក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា គឺធ្វើទ្បើងនៅថ្ងៃបន្ទាប់ពី ក្រុងព្យុងយ៉ាង បានព្រមានពីការសងសឹក ប្រសិនបើសហគមន៍ពិភពលោក បង្កើនការដាក់ទណ្ឌកម្មលើខ្លួន។ នេះបើយោងតាមរយ: សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៧។

តាមក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នៅព្រឹកថ្ងៃនេះ វេលាម៉ោង ០៦ និង៤២ នាទីព្រឹក (ត្រូវនឹងម៉ោង ៥ និង ៤២ នាទីព្រឹកនៅសិង្ហបុរី) កូរ៉េខាងជើង បានបាញ់មីស៊ីលឆ្លងទ្វីបពីតំបន់ Sinpo ចូលទៅក្នុងសមុទ្រជប៉ុន »។

មីស៊ីលនោះ បានផ្លោងហោះចេញរយ:ចម្ងាយ ៦០ គីឡូម៉ែត្រ ដោយប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងធ្វើការវិភាគទៅលើផ្លូវហោះហើររបស់មីស៊ីល ដើម្បីកំណត់ប្រភេទវា។

ប្រភពដដែល បានបន្តទៀតថា «យោធា ត្រូវបានគេធ្វើការផ្លាស់ប្តូរយ៉ាងកៀកបំផុត ទៅកាន់តំបន់បង្កហេតុរបស់កូរ៉េខាងជើង ដើម្បីរក្សាបាននូវជំហរការពារជាតិខ្ពស់»។

គួរបញ្ជាក់ដែរថា ក្រុងព្យុងយ៉ាង កំពុងស្វែងរកការអភិវឌ្ឍមីស៊ីលរយ:ចម្ងាយឆ្ងាយ ដែលមានសមត្ថភាពវាយប្រហារដល់ដីគោកអាមេរិក ជាមួយនឹងក្បាលគ្រាប់នុយក្លេអ៊ែរមួយ ហើយរហូតមកទល់ពេលនេះ ការធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ គឺមានចំនួនប្រាំដងរួចមកហើយ៕

មតិយោបល់