ព័ត៌មានអន្តរជាតិ

អាមេរិក ​កំពុងចល័ត​កម្លាំងទ័ព​វាយប្រហារជើងទឹកខ្លួន ​ឆ្ពោះទៅ​ឧប​ទ្វីប​កូរ៉េ

អា​មេរិក: មន្ត្រីក្រុងវ៉ាស៊ីនតោន នៅថ្ងៃសៅរ៍ បានប្រាប់ភ្នាក់ងារ Reuters ថា ក្រុមកងទ័ពវាយប្រហារជើងទឹក របស់អាមេរិក បានធ្វើការផ្លាស់គោលដៅឆ្ពោះទៅភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក ដែលនៅជិតឧបទ្វីបកូរ៉េ បន្ទាប់ពីមានការព្រួយបារម្ភកើនឡើង អំពីកម្មវិធីអាវុធរបស់កូរ៉េខាងជើង។ នេះបើយោងតាមរយ: សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧។

កាលពីដើមខែនេះ ប្រទេសកូរ៉េខាងជើង បានធ្វើការសាកល្បងគ្រាប់មីស៊ីល អាច​ហោះ​ហើរ​បាន​រយ:ចម្ងាយ​ខ្លី​​ប៉ុណ្ណោះ ប្រភេទ Scud ដែលទង្វើនេះ បានបំពានលើដំណោះស្រាយនៃអង្គការសហប្រជាជាតិ ក្នុងហាមប្រាម ការបាញ់មីស៊ីលផ្លោង ។

ក្រុមវាយប្រហារជើងទឹកនេះ មានឈ្មោះថា Carl Vinson មាន​នាវា​ផ្ទុក​យន្ត​ហោះ​មួយ​គ្រឿង នឹងតម្រង់​ទិស​ដៅ​របស់​ខ្លួន​ទៅ​កាន់​ឧប​ទ្វីប​កូរ៉េ។

Carl Vinson បានចេញដំណើរពីប្រទេសសិង្ហបុរី បន្ទាប់ពីវាបានមកដល់នៅទី៤ ខែមេសា នៅ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចកំពង់ផែមួយ។

ប្រភពពីមន្ត្រីម្នាក់ សុំមិនបញ្ចេញឈ្មោះ បាននិយាយថា « វត្តមានរបស់ក្រុម​វាយ​ប្រហារនេះ គឺដោយសារមានកើនទ្បើងអំពីការព្រួយបារម្ភ ចំពោះឥរិយាបថរបស់កូរ៉េខាងជើង»។

នៅឆ្នាំនេះ ក្រុមមន្រ្តីកូរ៉េខាងជើង រួមទាំងមេដឹកនាំលោក គីម ជុងអ៊ុន បានចង្អុលបង្ហាញម្តងហើយម្តងទៀត នូវការធ្វើតេស្តមីស៊ីលឆ្លងទ្វីបមួយ ដែល​អាច​បាញ់​សាក​ល្បង​ជា​ថ្មី​ម្ដង​ទៀត​ នៅ​ថ្ងៃ​ទី​១៥ ខែ​មេសា​នេះ ចំ​ខួប ១០៥​ឆ្នាំ​នៃ​ស្ថាបនិក​រដ្ឋ​កុម្មុយនីស្ត ដែលក្រុងព្យុងយ៉ាង បានប្រារព្ធពិធីធ្វើវាជារៀងរាល់ឆ្នាំ។

គួរបញ្ជាក់ដែរថា នៅ​ដើម​សប្ដាហ៍​នេះ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង បាន​ជួប​ពិភាក្សា​គ្នា​ទៅ​រដ្ឋ​ផ្លរីដា ជា​ទី​ដែល​លោក ត្រាំ បាន​ជំរុញ​ឲ្យ​សមភាគី​របស់​លោក​ខិត​ខំ​បន្ថែម​ទៀត ក្នុងការទប់​ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ក្រុងព្យុងយ៉ាង៕

មតិយោបល់