ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ព្រមានកូរ៉េខាងជើងកុំឲ្យបង្កហេតុ បង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េ

កូរ៉េ: ប្រធានាធិបតីស្តីទីរបស់កូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បានព្រមានថា សកម្មភាពបង្កហេតុដោយកូរ៉េខាងជើង នឹងបង្កើនការព្រួយបារម្ភ អំពីភាពតានតឹងកាន់តែខ្លាំងទ្បើងនៅលើឧបទ្វីបកូរ៉េ ខណ:ដែលក្រុងកូរ៉េព្យុងយ៉ាង អាចនឹងធ្វើតេស្តមីស៊ីល ជាផ្នែកមួយនៃយោធារបស់ខ្លួន នៅថ្ងៃខាងមុខ។ នេះបើយោងតាមរយ: សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៧។

នាវាផ្ទុកយន្តហោះ ដើរដោយថាមពលនុយក្លេអ៊ែរ បានដឹកក្រុមកងទ័ពវាយប្រហារជើងទឹកអាមេរិក ធ្វើដំណើរឆ្ពោះមកកាន់ភាគខាងលិចតំបន់ប៉ាស៊ីហ្វិក ដែលនៅជិតឧបទ្វីបកូរ៉េ បន្ទាប់ពីមានការព្រួយបារម្ភកើនឡើង អំពីកម្មវិធីអាវុធរបស់កូរ៉េខាងជើង ស្របពេលដែលយោធាអាមេរិក ទើបបើកការបាញ់ប្រហារមីស៊ីលជាច្រើនគ្រាប់ របស់ខ្លួនចូលមូលដ្ឋានអាកាសប្រទេសស៊ីរី កាលពីចុងសប្តាហ៍មុន។

ប្រធានាធិបតីស្តីទីលោក Hwang Kyo-ahn បានបញ្ជាឲ្យយោធាពង្រឹងការត្រួតពិនិត្យ ចំពោះសកម្មភាពកូរ៉េខាងជើង ដើម្បីធានាឲ្យបាននូវទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន គឺសហរដ្ឋអាមេរិក។

លោកបានបន្តថា « ក្រុងព្យុងយ៉ាង អាចនឹងបង្កហេតុ ជាមួយការធ្វើតេស្តនុយក្លេអ៊ែរមួយ ដែលបានកំណត់ពេល នៅថ្ងៃបុណ្យខួបស្ថាបនិក​រដ្ឋ​កុម្មុយនីស្តនេះ»។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រុមមន្ត្រីកូរ៉េខាងជើង រួមទាំងមេដឹកនាំលោក គីម ជុងអ៊ុន ក៏ធ្លាប់បានចង្អុលបង្ហាញម្តង ហើយម្តងទៀត នូវការធ្វើតេស្តមីស៊ីលឆ្លងទ្វីបមួយ ដែល​អាច​បាញ់​សាក​ល្បង​ជា​ថ្មី​ម្ដង​ទៀត​ នៅ​ថ្ងៃ​ទី​១៥ ខែ​មេសា​នេះ ចំ​ខួប ១០៥​ឆ្នាំ​នៃ​ស្ថាបនិក​រដ្ឋ​កុម្មុយនីស្ត ដែលក្រុងព្យុងយ៉ាងបានប្រារព្ធពិធីធ្វើវាជារៀងរាល់ឆ្នាំ៕

មតិយោបល់