ព័ត៌មានអន្តរជាតិ

ក្ដៅៗ ! អាមេរិក ត្រៀមខ្លួនរួចជាស្រេច ចំពោះសង្គ្រាមជាមួយកូរ៉េខាងជើង

អាមេរិក: ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានព្រមាននៅថ្ងៃអង្គារថា​ ក្រុងវ៉ាស៊ីនតោន បានរៀបចំរួចជាស្រេច ដើម្បីដោះស្រាយបញ្ហានឹងកូរ៉េខាងជើង ដោយកម្លាំងយោធាផ្ទាល់ខ្លួន ប្រសិនបើចាំបាច់។ នេះបើយោងតាមរយ: សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧។

ការព្រមានរបស់លោក ត្រាំ បានកើតឡើងនៅពេលក្រុមកម្លាំងវាយប្រហារជើងទឹកអាមេរិក បានដឹកនាំឆ្ពោះទៅកាន់ ឧបទ្វីបកូរ៉េ ដែលជំរុញឲ្យកូរ៉េខាងជើង រឹតតែបន្តកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន និងថែមទាំងបានប្រកាសថា ក្រុងព្យុងយ៉ាងត្រៀមខ្លួនជាស្រេច ប្រសិនបើអាមេរិកចង់ធ្វើសង្រ្គាម ជាមួយប្រទេសខ្លួន។

អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានឲ្យដឹងថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង បាននិយាយថា ការចល័តកម្លាំងទ័ពជើងទឹករបស់អាមេរិកនេះ ជាទង្វើឈ្លានពានកូរ៉េខាងជើង ហើយនឹងឈានដល់ដំណាក់កាល ធ្ងន់ធ្ងរកាន់តែខ្លាំងទ្បើង»។

មន្ត្រីជាន់ខ្ពស់សេតវិមាន បាននិយាយថា «ក្រុម​នាវា​​​ពិឃាដ​ USS Carl Vinson រួមបញ្ចូលទាំង​យន្តហោះ​ចម្បាំង​​ធំ​ជាងគេ​បំផុត​ក្នុង​លោក Nimitz Class របស់អាមេរិក បានឆ្ពោះមកកាន់ឧបទ្វីបកូរ៉េ នៅសប្តាហ៍នេះ ក្នុងគោលបំណងឆ្លើយតបនឹងឥរិយាបទបង្កហេតុរបស់ក្រុងព្យុងយ៉ាង ដើម្បីលុបបំបាត់ការគំរាមកំហែង អាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ»។

ការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើង នៅពេលថ្មីៗនេះ បានធ្វើឲ្យអាមេរិកព្រួយបារម្ភថា ក្រុងព្យុងយ៉ាង អាចនឹងបាញ់កាំជ្រួចមីស៊ីលឆ្លងទ្វីប ដោយបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរមួយ ដែលមានសមត្ថភាព ហោះដល់ដីគោកអាមេរិក។

គួរបញ្ជាក់ដែរថា កូរ៉េខាងជើង ​អាចនឹង​បាញ់​សាក​ល្បងមីស៊ីលឆ្លងទ្វីប​ជា​ថ្មី​ម្ដង​ទៀត​ នៅ​ថ្ងៃ​ទី​១៥ ខែ​មេសា​នេះ ចំ​ខួប ១០៥ ​ឆ្នាំ​នៃ​ស្ថាបនិក​រដ្ឋ​កុម្មុយនីស្ត ដែលក្រុងព្យុងយ៉ាងបានប្រារព្ធពិធីធ្វើវាជារៀងរាល់ឆ្នាំ៕

មតិយោបល់