ព័ត៌មានអន្តរជាតិ

អាមេរិក នឹងពិភាក្សាលើចំណាត់ការតបត ជាមួយសកម្មភាព គឃ្លើនបាញ់មីស៊ីលថ្មីរបស់កូរ៉េខាងជើង

អាមេរិក: មីស៊ីលមួយគ្រាប់របស់កូរ៉េខាងជើង បានបំផ្ទុះឡើងភ្លាមៗ ដែលជាការចាប់ផ្តើម តេស្តថ្មីរបស់ខ្លួន នៅថ្ងៃអាទិត្យនេះ ខណ:បញ្ជាការដ្ឋានអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក បាននិយាយថា វាបានធ្វើទ្បើងតែប៉ុន្មានម៉ោង មុនពេលអនុប្រធានាធិបតីអាមេរិក លោក Mike Pence មកដល់ប្រទេសកូរ៉េខាងត្បូង សម្រាប់កិច្ចពិភាក្សាលើសកម្មភាពគឃ្លើនរបស់កូរ៉េខាងជើង ដែលកាន់តែរឹងទទឹងខ្លាំងទ្បើងជុំវិញកម្មវិធីអាវុធ។ នេះបើយោងតាមរយ: សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៧។

ការបាញ់បង្ហោះមីស៊ីលថ្មីរបស់ក្រុងព្យុងយ៉ាង គឺចេញពីឆ្នេរសមុទ្រភាគខាងកើតប្រទេសខ្លួន ត្រូវបានគេអះអាងថា ទទួលបរាជ័យ ដែលគេជឿថា វាជាប្រភេទមីស៊ីលមធ្យម។ ការបាញ់នេះ ត្រូវបានអន្តរជាតិមើលឃើញថា ក្រុងព្យុងយ៉ាង ហាក់មិនអើពើនឹងការដាស់តឿនពីសម្ព័ន្ធមិត្តដ៏ធំរបស់ខ្លួន គឺប្រទេសចិន និងរឹតតែមិនខ្លាចការព្រមាន របស់អាមេរិកថែមទៀតផង។

កូរ៉េខាងត្បូង បានឲ្យដឹងថា ទង្វើបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង កំពុងបង្កការគំរាមកំហែងដល់ពិភពលោកទាំងមូល ហើយទីប្រឹក្សាគោលនយោបាយការបរទេសអាមេរិក ដែលធ្វើដំណើរទស្សកិច្ចមកកាន់កូរ៉េខាងត្បូង នឹងពិភាក្សាដំណោះស្រាយលើបញ្ហាមួយចំនួននៃភាពតានតឹងនេះ បូករួមទាំងចំណាត់ការរបស់លោក ត្រាំ ដើម្បីឆ្លើយតបនឹងភាពគឃ្លើនរបស់កូរ៉េខាងជើង៕

មតិយោបល់