ព័ត៌មានអន្តរជាតិ

លោក Erdogan ទទួលជោគជ័យលើការបោះឆ្នោតប្រជាមតិ ដើម្បីក្លាយជាប្រធានាធិបតីដ៏អំណាចបំផុត ក្នុងប្រទេស

តួកគី: ប្រធានាធិបតីលោក Recep Tayyip Erdogan បានឈ្នះការបោះឆ្នោតប្រជាមតិ ដើម្បីផ្ដល់អំណាចដល់ប្រធានាធិបតី ដែលអាចឲ្យលោកបន្តតួនាទីរបស់ខ្លួន រហូតដល់ឆ្នាំ ២០២៩ ផងដែរ។ នេះបើយោងតាមរយ: សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧។

ជាមួយនឹងលទ្ធផលសំទ្បេងឆ្នោត នៃការធ្វើប្រជាមតិសរុប ៩៩,៤៥% លើកំណែទម្រង់រដ្ឋធម្មនុញ្ញ ដែលនឹងផ្តល់អំណាចពេញដៃ​ដល់ប្រធានាធិបតីនោះ គឺមានចំនួនសន្លឹកឆ្នោត «គាំទ្រ ៥១.៣៧%» និង «មិនគាំទ្រ ៤៨,៦៣%» ដោយក្រុមប្រឹក្សាភិបាលបោះឆ្នោត បានប្រកាសថា លោក Erdogan បានទទួលជោគជ័យ សម្រាប់ការបោះឆ្នោតនេះ បើទោះបីមានសំទ្បេងគាំទ្រនាំមុខគណបក្សប្រឆាំងតិចតួចក៏ដោយ ។

ក្រុមអ្នកគាំទ្រលោក Erdogan បាននិយាយថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលផ្លាស់ប្តូរ​ប្រព័ន្ធរដ្ឋាភិបាល ពីសភានិយម ទៅជាប្រធានាធិបតីនិយម នឹងធ្វើឲ្យប្រទេសរីកចម្រើនជឿនលឿន។

គណបក្សប្រឆាំងធំពីររបស់ប្រទេសតួកគី បាននិយាយថា ពួកគេអាចនឹងមានប្រៀប សម្រាប់លទ្ធផលឆ្នោតមួយនេះ។

ដោយគណបក្សសាធារណរដ្ឋរបស់ប្រជាជន (CHP) បានទាមទារឲ្យរាប់សន្លឹកឆ្នោត ៦០% ទ្បើងវិញ ខណ:ពួកគេ បានរិះគន់ថា មានការរាប់សន្លឹកឆ្នោតមិនប្រក្រតី ដោយសន្លឹងឆ្នោតខ្លះ ពុំបានបង្ហាញសញ្ញាគាំទ្រ ឬមិនគាំទ្រច្បាស់លាស់នោះទេ។

គួរបញ្ជាក់ដែរថា មនុស្សបីនាក់ ត្រូវបានបាញ់ស្លាប់ នៅក្បែរស្ថានីយ៍បោះឆ្នោតមួយកន្លែង ស្ថិតក្នុងខេត្តភាគអាគ្នេយ៍ នៃទីក្រុង Diyarbakir ដោយសារមានជម្លោះដាក់គ្នា នៅអំទ្បុងពេលបោះឆ្នោត៕

មតិយោបល់