ព័ត៌មានអន្តរជាតិ

តួកគី នឹងទិញប្រព័ន្ធមីស៊ីល S-400 ពីប្រទេសរុស្ស៊ី

តួកគី: រដ្ឋមន្ត្រីការពារជាតិលោក Fikri Isik នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា កិច្ចពិភាក្សារវាងប្រទេសតួកគី ជាមួយរុស្ស៊ីអំពីការទិញប្រព័ន្ធការពារមីស៊ីអាកាស S-400 បានឈានដល់ដំណាក់កាលចុងក្រោយហើយ បើទោះបីកិច្ចព្រមព្រៀងនេះ មិនទាន់ត្រូវបានចុះហត្ថលេខា ភ្លាមៗក៏ដោយ ។ នេះបើយោងតាមរយ: សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧។

លោក Isik បានប្រាប់នៅសន្និសីទកាសែតមួយថា បណ្ដាប្រទេសជាសមាជិករបស់អង្គការណាតូមួយចំនួន មិនបានផ្តល់វិភាគទានផ្នែកហិរញ្ញវត្ថុ សម្រាប់ប្រព័ន្ធការពារជាតិ ដល់អង្គការនោះទេ។ ជាហេតុនាំឲ្យតួកគី ដែលជាសមាជិកណាតូ នៅឆ្នាំ ២០១៥ បានលុបចោលការឧបត្ថម្ភប្រាក់ចំនួន ៣,៤ ពាន់លានអាមេរិក លើប្រព័ន្ធការពារមីស៊ីលរយ:ចម្ងាយឆ្ងាយរបស់ណាតូ ដែលនាំឲ្យប្រទេសចិន មានឱកាសអាចអភិវឌ្ឍប្រព័ន្ធនេះ ឈានទៅមុខមុនអង្គការណាតូ។

ដំបូងទ្បើយប្រទេសតួកគី បាននិយាយថា ខ្លួននឹងពិចារណាការអភិវឌ្ឍប្រព័ន្ធកាំជ្រួចមីស៊ីល នៅមូលដ្ឋានក្នុងប្រទេស ប៉ុន្តែក្រោយមកក៏បានផ្លាស់ប្តូរគោលជំហរនេះវិញ។

លោក Isik បានប្រាប់ថា «វាច្បាស់ណាស់ថា តួកគី ត្រូវការប្រព័ន្ធការពារមីស៊ីលមួយ ប៉ុន្តែបណ្តាប្រទេស ជាសមាជិកអង្គការណាតូ មិនបានផ្ដល់វិភាគទានដ៏មានប្រសិទ្ធិភាពចំពោះផ្នែកហិរញ្ញវត្ថុ សម្រាប់វាទ្បើយ»។

មកទល់ពេលនេះ តួកគីបានឈានដល់ដំណាក់កាលចុងក្រោយហើយ ពាក់ព័ន្ធនឹងការទិញមីស៊ីល S-400 ជាមួយរុស្ស៊ី។ ប៉ុន្តែដំណាក់កាលចុងក្រោយនេះ មិនមែនមានន័យថា ត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង រួចរាល់ហើយនោះទេ ដោយត្រូវរងចាំថ្ងៃស្អែកពេលព្រឹកសិន។

ក្នុងនោះលោក Isik បានបញ្ជាក់ទៀតថា តួកគីមិនអាចរួមបញ្ចូល S-400 ទៅក្នុងប្រព័ន្ធការពាររបស់អង្គការណាតូ បានទ្បើយ៕

មតិយោបល់