អាមេរិក: ថ្លែងមុនពេលពិធីទទួលទានអាហារមួយនៅថ្ងៃច័ន្ទ ជាមួយក្រុមឯកអគ្គរដ្ឋទូត មកពីបណ្ដាលប្រទេសជាសមាជិក UN លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវតែរៀបចំឲ្យរួចរាល់ ដើម្បីដាក់ទណ្ឌកម្មតឹងរ៉ឹងជាងមុន ទៅលើកូរ៉េខាងជើង ជុំវិញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសនេះ។ នេះបើយោងតាមរយ: សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧។
ការលើកទ្បើងនេះ គឺប្រាកដណាស់ថា នឹងបង្កើនភាពតានតឹងជាថ្មីម្តងទៀត បន្ទាប់ពីកូរ៉េខាងជើង នៅតែបន្តជំរុញនូវកម្មវិធីមីស៊ីលឆ្លងទ្វីបរបស់ខ្លួន។
វាត្រូវបានគេជឿថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង អាចនឹងរៀបចម្ការធ្វើតេស្តអាវុធនុយក្លេអ៊ែរជាលើកទីប្រាំមួយរបស់ខ្លួន ខណ:ដែលពេលថ្មីៗនេះ កូរ៉េខាងជើងថែមទាំងបញ្ជាឲ្យមានចាប់ឃុំខ្លួនពលរដ្ឋអាមេរិកទៀតផង។
លោក ត្រាំ បាននិយាយទៅកាន់ឯកអគ្គរដ្ឋទូតនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅឯសេតវិមានថា «នេះគឺជាការគំរាមកំហែងយ៉ាងពិតប្រាកដដល់ពិភពលោក ដោយកូរ៉េខាងជើង ជាអ្នកបង្កបញ្ហាដ៏ធំមួយនេះ សម្រាប់ពិភពលោក ហើយវាជាបញ្ហាដែលយើង ត្រូវតែធ្វើការដោះស្រាយបញ្ចប់វាជាចាំបាច់។
លោកបានបន្ថែមថា «ក្រុមប្រឹក្សា ត្រូវតែរៀបចំដើម្បីដាក់ទណ្ឌកម្មបន្ថែមទៀត និងកាន់តែធ្ងន់ធ្ងរជាងមុន លើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង»៕
មតិយោបល់