ព័ត៌មានអន្តរជាតិ

អាមេរិក នឹងបើកចំហចំពោះកិច្ចចរចាសន្តិភាពជាមួយកូរ៉េខាងជើង

អាមេរិក: រដ្ឋលេខាធិការលោក Rex Tillerson បានឲ្យដឹងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងបើកចំហសម្រាប់កិច្ចចរចាជាមួយកូរ៉េខាងជើង ក្នុងគោលបំណង ដើម្បីបញ្ឈប់ការរីកសាយភាយអាវុធនុយក្លេអ៊ែរ នៅលើតំបន់ឧបទ្វីបកូរ៉េ។ នេះបើយោងតាមរយ: សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧។

ប៉ុន្តែក្នុងនោះ លោកក៍បានធ្វើការអំពាវនាវដល់បណ្តាប្រទេសដទៃទៀត ឲ្យស្ថិតនៅដាច់ឆ្ងាយពីទំនាក់ទំនងការទូត ជាមួយប្រទេសនេះផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋមន្ត្រីការបរទេសចិន ដែលជាសម្ព័ន្ធមិត្តដ៏ធំបំផុតរបស់កូរ៉េខាងជើង បាននិយាយថា «មានតែដំណោះស្រាយសន្តិភាពមួយប៉ុណ្ណោះ ទើបជាជម្រើសដ៏ត្រឹមត្រូវបំផុត» ។

លោក Tillerson បានប្រាប់នៅកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខថា គឺប្រាកដណាស់ថា កូរ៉េខាងជើង នឹងចាប់ផ្ដើមគំរាមកំហែង ដោយធ្វើការវាយប្រហារអាវុធនុយក្លេអ៊ែរទៅលើប្រទេសជិតខាងខ្លួន។

ដោយសារសកម្មភាពគឃ្លើននេះហើយ ទាហានអាមេរិករាប់ពាន់នាក់ ត្រូវបានដាក់ឲ្យឈរជើង នៅក្នុងប្រទេសជិតខាងកូរ៉េខាងជើង ដូចជា កូរ៉េខាងត្បូង និងជប៉ុនជាដើម៕

មតិយោបល់