ព័ត៌មានអន្តរជាតិ

ការប៉ះទង្គិចគ្នានៅអាហ្វហ្គានីស្ថាន ផ្ដាច់ជីវិតមនុស្សអស់ ៨១ នាក់

អាហ្វហ្គានីស្ថាន: ក្រសួងការពារជាតិទីក្រុងកាប៊ុល នៅថ្ងៃពុធនេះ បាននិយាយថា ពួកសកម្មប្រយុទ្ធរហូតដល់ ៨១ នាក់ ត្រូវបានសម្លាប់ និង ១៩ នាក់ទៀតបានរងរបួស នៅក្នុងប្រតិបត្តិការបោសសម្អាត របស់កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន នៅទូទាំងប្រទេស ក្នុងរយ:ពេល ២៤ ម៉ោង។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧។

ប្រភពដដែលបានឲ្យដឹងថា ប្រតិបត្តិការយោធានេះ បានចាប់ផ្តើមនៅតាមបណ្តាខេត្ត ដែលមានភាពវឹកវរនៅក្នុងប្រទេស ដោយក្រៅពីការសម្លាប់ និងរងរបួស កងកម្លាំងរដ្ឋាភិបាលថែមទាំងចាប់បានពួកសកម្មប្រយុទ្ធចំនួន ០៤ នាក់ទៀតផង។

តាមសេចក្ដីថ្លែងការណ៍មួយ បានបញ្ជាក់ថា អំឡុងពេលវាយឆ្មក់ កងកម្លាំងសន្តិសុខ បានបំផ្លាញរោងចក្រផលិតមីន និងគ្រឿងផ្ទុះចំនួនបី រួមទាំងរឹបអូសយកអាវុធ និងគ្រាប់រំសេវជាច្រើនពីក្រុមសកម្មប្រយុទ្ធ។

សូមជំរាបថា នៅក្នុងសេចក្ដីថ្លែងការណ៍ មិនបានបង្ហាញទេថា តើមានជនរងគ្រោះខាងភាគីកងកម្លាំងរដ្ឋភិបាលប៉ុន្មាននាក់ទ្បើយ ខណ:ដែលក្រុមសកម្មប្រយុទ្ធតាលីបង់ និងរដ្ឋអ៊ីស្លាម (IS) ក៏នៅមិនទាន់បានធ្វើអត្ថាធិប្បាយយ៉ាងណាដែរ ចំពោះបញ្ហានេះ៕

មតិយោបល់