ព័ត៌មានអន្តរជាតិ

រុស្ស៊ី ច្រានចោលការអំពាវនាវរបស់អាមេរិក ដែលជំរុញឲ្យប្រទេសទាំងអស់ កាត់ផ្ដាច់ទំនាក់ទំនង ជាមួយកូរ៉េខាងជើង

រុស្ស៊ី: រដ្ឋមន្ត្រីការបរទេសវិមានក្រឹមទ្បាំងលោក Sergey Lavrov បានច្រានចោលការអំពាវនាវរបស់អាម៉េរិក ជុំវិញការជំរុញឲ្យប្រទេសទាំងអស់ កាត់ផ្ដាច់ទំនាក់ទំនង ជាមួយកូរ៉េខាងជើង បន្ទាប់ពីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលផ្លោង ដ៏មានសក្ដានុពលរបស់ខ្លួន កាលពីថ្ងៃពុធ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧។

ថ្លែងប្រាប់ក្រុមអ្នកកាសែត នៅរដ្ឋធានីម៉ិកស៊ិក លោក Lavrov បាននិយាយថា «ជារឿងអវិជ្ជមានមួយ ដែលក្រុងវ៉ាស៊ីនតោន តម្រូវឲ្យមានការកាត់ផ្ដាច់ទំនាក់ទំនង ជាមួយក្រុងព្យុងយ៉ាង»។

ខណ:ដែលឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Nikki Haley កាលពីថ្ងៃពុធ បានអំពាវនាវឲ្យគ្រប់បណ្ដាប្រទេសទាំងអស់ កាត់ផ្តាច់ទំនាក់ទំនង ជាមួយកូរ៉េខាងជើង ក្នុងនោះរួមមានទាំងទំនាក់ទំនងពាណិជ្ជកម្ម និងការបណ្តេញកម្មករកូរ៉េខាងជើងផងដែរ។

សូមជំរាបថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានប្ដេជ្ញាថ្កោលទោស និងដាក់ទណ្ឌកម្មបន្ថែមទៀត ទៅលើកូរ៉េខាងជើង បន្ទាប់ពីរបបមួយនេះ បានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ដែលសមត្ថភាព អាចវាយប្រហារដល់ទីក្រុងវ៉ាស៊ីនតោន៕

មតិយោបល់