ព័ត៌មានអន្តរជាតិ

កងទ័ពជើងទឹកចិន បង្ហាញវត្តមាននាវាចម្បាំងមុជទឹកខ្លួន នៅសមុទ្រចិនខាងត្បូង

ចិន:​ កងទ័ពជើងទឹក​រំដោះ​ប្រជាជនចិន (PLAN) បានបញ្ចេញនាវាល្បាតចម្បាំងមុជទឹក ប្រភេទ Type 056A Jiangdao ចំនួន ២ គ្រឿង សម្រាប់ដាក់ឲ្យប្រើក្នុងកងនាវារបស់ខ្លួន នៅដើមខែនេះ ដែលជាចំណាត់ការមួយរបស់ក្រុងប៉េកាំង ក្នុងការជំរុញវត្តមានវា នៅលើដែនសមុទ្រចិនខាងត្បូង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧។

យោងតាមរបាយការណ៍របស់មន្រ្តីទូត បានឲ្យដឹងថា នាវាចម្បាំងទាំងនេះ ត្រូវបានរៀបចំបំពាក់គ្រឿងនៅថ្ងៃទី ១៦ និងទី ២៨ ខែវិច្ឆិកានេះ ដែលនឹងត្រូវធ្វើ​ប្រតិបត្តិការ​ ក្រោម​ការបញ្ជាពី​កង​នាវា​សមុទ្រ​ខាងត្បូងរបស់ PLAN។

នាវាចម្បាំងទាំងនេះ ត្រូវបានបំពាក់ដោយឧបករណ៍ចាប់សំទ្បេងឯកទេសដ៏ពិសេស ដោយមានជើង​ទម្រ​បាញ់​មី​ស៊ី​ល ២ ដើម កាំភ្លើង​ទំហំ ៧៦ មិល្លីម៉ែត្រ​មួយ​ដើម និង​មី​ស៊ី​ល​ប្រឆាំង​នាវា​ប្រភេទ YJ-83 ជាច្រើន​គ្រាប់ ​សម្រាប់​ស្វែងរក​នាវាមុជទឹក លើកពីនេះទៅទៀត ពួកវាអាចធ្វើការល្បាតការការពារជលផល និង​បេសកកម្ម​អម​ការពារ បន្ថែម​ពីលើ​ប្រតិបត្តិ​ការប្រឆាំង​នាវាមុជទឹក ​ក៏ដូចជា​ប្រតិបត្តិការ​សឹក​លើ​ផ្ទៃ​ទឹក​ជាដើម​។

យោងតាមក្រសួងការពារជាតិចិន បានបញ្ជាក់ថា នាវាទាំងនេះ បានផលិតនៅក្នុងប្រទេស ដែលមានបណ្តោយ ៨៩ ម៉ែត្រ និងទទឹង ១១ ម៉ែត្រ ហើយផ្លាស់ប្តូរទីតាំងនៅលើផ្ទៃទឹក ជាមួយនឹងទម្ងន់ ១,៥០០តោន៕

មតិយោបល់