Post News Media ព័ត៌មានអន្តរជាតិ រដ្ឋមន្ត្រីកា...

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី រិះគន់រឿងគំរាមកំហែងរបស់អាមេរិក វាយកម្ទេចកូរ៉េខាងជើង

រុស្ស៊ី: រដ្ឋមន្ត្រីការបរទេសវិមានក្រឹមទ្បាំង លោក Sergey Lavrov បាននិយាយថា ការគំរាមប្រើសកម្មភាពយោធារបស់អាមេរិក ប្រឆាំងជាមួយកូរ៉េខាងជើង នឹងជាកំហុសដ៏ធំមួយ ដោយលោកបានព្រមានថា ក្រុងវ៉ាស៊ីនតោន កំពុងជំរុញឲ្យក្រុងព្យុងយ៉ាងបង្កើនការបង្កហេតុ ឆ្លើយតបទៅនឹងការធ្វើសមយុទ្ធរបស់អាមេរិក ជាមួយកូរ៉េខាងត្បូង និងសង្គ្រាមពាក្យសម្ដីរវាងមេដឹកនាំទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧។

ថ្លែងនៅអំឡុងពេលធ្វើទស្សនកិច្ច ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីថ្ងៃសុក្រ លោក Lavrov បាននិយាយថា «ប្រសិនបើភាគីណាម្នាក់ពិតជាចង់ផ្ទុះសង្គ្រាម ដើម្បីបំផ្លាញកូរ៉េខាងជើងមែននោះ វានឹងជាកំហុសដ៏ធំមួយ» ។

ការលើកឡើងរបស់លោកយ៉ាងដូច្នេះ បានកើតទ្បើងបន្ទាប់ពីឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំអង្គការសហប្រជាជាតិលោកស្រី Nikki Haley បាននិយាយថា «អាមេរិកមិនមានបំណងស្វែងរកការប៉ះទង្គិចគ្នានោះទេ តែថារបបដឹកនាំកូរ៉េខាងជើង នឹងត្រូវបានបំផ្លាញទាំងស្រុង ប្រសិនបើសង្គ្រាមផ្ទុះឡើងមែននោះ»។

សូមជំរាបថា ការព្រមាននេះ បានកើតឡើងបន្ទាប់ពីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលផ្លោងថ្មីមួយ ដ៏មានសក្ដានុពល មិនធ្លាប់មានក្នុងរយ:ពេលពីរខែកន្លងមក៕

Loading...