Post News Media ព័ត៌មានអន្តរជាតិ កូរ៉េខាងជើងថា...

កូរ៉េខាងជើងថា អាមេរិកកំពុងដុតកម្ដៅឲ្យផ្ទុះសង្គ្រាមនុយក្លេអ៊ែរហើយ ខណ:ធ្វើសមយុទ្ធយោធារួមគ្នា ជាមួយកូរ៉េខាងត្បូង

អាមេរិក: កាន់តែមានភាពតានតឹងខ្លាំងទ្បើង ជាមួយកូរ៉េខាងជើង មុនមួយថ្ងៃនៃការធ្វើសមយុទ្ធដែនអាកាស ដ៏ធំបំផុតរបស់អាមេរិក និងកូរ៉េខាងត្បូង ដោយក្រុងព្យុងយ៉ាង បានហៅវាថាជាការបង្កហេតុដែលនាំឲ្យមានជម្លោះនុយក្លេអ៊ែរ ខណ:ដែលសមាជិកសភាអាមេរិក បានព្រមានថា នឹងមានការកើនឡើងអំពីលទ្ធភាពនៃសង្រ្គាមនៅលើឧបទ្វីបកូរ៉េ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧។

សមយុទ្ធដែនអាកាសរួ​មគ្នាមួយ ឈ្មោះថា Vigilant Ace មានរយ:ពេល ៥ ថ្ងៃ នឹងចាប់ផ្ដើមនៅថ្ងៃច័ន្ទនេះ ដោយមានវត្តមានយន្តហោះចម្បាំងចំនួន ២៣០ គ្រឿង ត្រូវបានធ្វើទ្បើងនៅក្នុងការឆ្លើយតប ចំពោះការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប របស់កូរ៉េខាងជើងដែលគេជឿថា អាចមានសមត្ថភាពវាយប្រហារដល់ដីគោកអាមេរិក។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្រុងព្យុងយ៉ាង បានឲ្យដឹងថា គណបក្សកាន់អំណាចរបស់កូរ៉េខាងជើង បានធ្វើការរិះគន់ចំពោះសមយុទ្ធនេះផងដែរ ដោយបានលើកទ្បើងថា គ្រប់យ៉ាងគឺជាការបង្កហេតុបើកចំហរ សម្រាប់ការប្រឆាំងនឹងរដ្ឋាភិបាលកូរ៉េខាងជើង ដែលអាចនាំឲ្យមានសង្គ្រាមនុយក្លេអ៊ែរផ្ទុះទ្បើង នៅពេលណាមួយ៕

Loading...