ព័ត៌មានអន្តរជាតិ

លោក ត្រាំ ជំរុញឲ្យបណ្ដាប្រទេសចំនួន ៤៩ ដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង

អាមេរិក: ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងរឹតបន្តឹងបន្ថែមទៅលើកូរ៉េខាងជើង ដោយបង្កើនការដាក់ទណ្ឌកម្ម ក៏ដូចជាជំរុញឲ្យបណ្តាប្រទេសជាច្រើន​ កាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្ម ជាមួយរបបដឹកនាំរបស់លោក គីម ជុងអ៊ុន។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០១៧។

យ៉ាងណាមិញក្រុមអ្នកជំនាញ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានលើកទ្បើងថា បណ្ដាប្រទេសជាច្រើន នៅតែបន្តមានទំនាក់ទំនងពាណិជ្ជកម្ម ជាមួយកូរ៉េខាងជើង ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលទង្វើនេះ បានរំលោភទៅលើច្បាប់ដាក់ទណ្ឌកម្មរបស់អន្តរជាតិ ។

ខណ:វាក៏បង្ហាញពីបញ្ហាប្រឈម សម្រាប់លោក ត្រាំ ដែលកំពុងព្យាយាមចង់ឲ្យគ្រប់ប្រទេសទាំងអស់ កាត់ផ្ដាច់កូរ៉េខាងជើង ចេញពីប្រព័ន្ធជួញដូរសកលលោក ក្នុងគោលបំណងដាក់សម្ពាធ ដើម្បីឲ្យរបបមួយនេះ ព្រមបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។

ពាក់ព័ន្ធនឹងបញ្ហានេះ វិទ្យាស្ថានវិទ្យាសាស្ត្រ និងសន្តិសុខអន្តរជាតិ បានឲ្យដឹងថា ប្រទេសសរុបចំនួន ៤៩ ហើយ បានរំលោភលើច្បាប់របស់អង្គការសហប្រជាជាតិ ដែបានដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង នៅចន្លោះរវាងខែមីនា ឆ្នាំ ២០១៤ និងខែកញ្ញា ឆ្នាំ ២០១៧ ក្នុងនោះរួមបញ្ចូលទាំងដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ទីក្រុងព្យុងយ៉ាងផងដែរ មានដូចជា ប្រទេសចិន អាល្លឺម៉ង់ ប្រេស៊ីល ឥណ្ឌា និងបារាំងជាដើម៕

មតិយោបល់