ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងអ៊ីស្រាអែល វាយប្រហារដែនអាកាសនៅប៉ាទ្បេស្ទីន សម្លាប់មនុស្សម្នាក់ និងរបួស ១៥៥នាក់

ប៉ាទ្បេស្ទីន: ប្រភពព័ត៌មានសន្តិសុខ នៅតំបន់ហ្គាហ្សា បាននិយាយថា យន្តហោះចម្បាំងអ៊ីស្រាអែល បានចាប់ផ្តើមវាយប្រហារនៅតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃសុក្រ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧។

យន្ដហោះចម្បាំងអ៊ីស្រាអែល បានបាញ់មីស៊ីលចំនួន ២ គ្រាប់ ទៅកាន់ប៉ុស្តិ៍យោធាមួយ ដែលជាកម្មសិទ្ធិរបស់ពួកសកម្មប្រយុទ្ធហាម៉ាស នៅភាគខាងជើងតំបន់ហ្គាហ្សា បណ្ដាលឲ្យមនុស្សជាច្រើននាក់បានរងរបួស។

សូមជំរាបថា ការបាញ់ផ្លោងរបស់អ៊ីស្រាអែល គឺជាការឆ្លើយតបទៅនឹងការវាយប្រហាររ៉ុក្កែតចំនួន ៦ គ្រាប់ ចេញពីតំបន់ហ្គាហ្សាទៅកាន់ភាគខាងត្បូង ប្រទេសអ៊ីស្រាអែល។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក Ashraf al-Qedra អ្នកនាំពាក្យក្រសួងសុខាភិបាលហ្គាហ្សា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងអំឡុងពេលនៃភាពតានតឹងនេះ បានបណ្ដាលឲ្យមនុស្សម្នាក់បានស្លាប់ និង ១៥៥ នាក់ទៀតរងរបួស ក្នុងនោះមាន ៣ នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

គួររំឭកថា ភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនបានកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃពុធថា ទីក្រុងយេរូសាឡឹម គឺជារដ្ឋធានីរបស់អ៊ីស្រាអែល៕

មតិយោបល់