ព័ត៌មានអន្តរជាតិ

ប៉ូឡូញ មិនអាចទទួលយកបានទេ សម្រាប់តំលៃប្រព័ន្ធ​ខែល​ការពារ​មីស៊ីល​ Patriot របស់អាមេរិក

ប៉ូឡូញ: ក្រសួងការពារជាតិប៉ូឡូញ កំពុងស្វែងរកប្រព័ន្ធខែលការពារមីស៊ីល កម្រិតមធ្យម ឈ្មោះថា ប៉ាទ្រីយ៉ូត (Patriot) របស់អាមេរិក ប៉ុន្តែតម្លៃស្នើសុំបច្ចុប្បន្នពីសំណាក់ក្រុងវ៉ាស៊ីនតោន ក្នុងទឹកប្រាក់ចំនួន ១០,៥ ពាន់លានដុល្លារ សម្រាប់ប្រទេសខ្លួន គឺមិនអាចទទួលយកបាននោះទេ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧។

កាលពីថ្ងៃទី ១៧ ខែវិច្ឆិកាកន្លងទៅ ទីភ្នាក់ងារសហព័ន្ធការពារជាតិអាមេរិក បានប្រកាសលក់មីស៊ីល PAC-3 ចំនួន ២០៨ គ្រាប់ ប្រដាប់បាញ់ចំនួន ១៦ រ៉ាដាចំនួន ៤ និង software ព្រមទាំងសម្ភារ និងសេវាកម្មពាក់ព័ន្ធ ទៅឲ្យរដ្ឋាភិបាលប៉ូឡូញ ក្នុងតម្លៃ ១០,៥ ពាន់លានដុល្លារ ប្រហែលស្មើនឹង ៣៧ ពាន់លាន Zloties ខណ:ដែលប្រទេសប៉ូឡូញ អាចផ្តល់ប្រាក់ទៅឲ្យត្រឹមតែចំនួន៣០ ពាន់លានដុល្លារ Zloties ប៉ុណ្ណោះ សម្រាប់ទិញប្រព័ន្ធនេះ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក Bartosz Kownacki រដ្ឋលេខាធិការក្រសួងការពារជាតិរបស់ប្រទេសប៉ូឡូញ បាននិយាយថា «ការចំណាយដ៏ខ្ពស់នេះ បានធ្វើឲ្យយើងមានការភ្ញាក់ផ្អើល ដោយតម្លៃរបស់ប្រព័ន្ធនេះ មិនអាចទទួលយកបាននោះទេ បើទោះបីវាជាទ្រព្យសម្បត្តិហិរញ្ញវត្ថុដ៏សំខាន់ សម្រាប់ទំនើបកម្មបច្ចេកទេសរបស់កងកម្លាំងប្រដាប់អាវុធប៉ូឡូញក៏ដោយ ។

មន្ត្រីរូបនេះ បាននិយាយថា ប្រទេសប៉ូឡូញ នៅតែបន្តរង់ចាំលិខិតផ្លូវការ នៃកិច្ចព្រមព្រៀងអំពីលក្ខខណ្ឌលក់ប្រព័ន្ធនេះ ដោយសង្ឃឹមថា កិច្ចចរចារវាងអាមេរិក និងប៉ូឡូញ គ្រោងរកមធ្យោបាយ ដើម្បីបន្ថយតម្លៃសរុបរបស់វា៕

មតិយោបល់