ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងពិចារណាដាក់ពង្រាយប្រព័ន្ធមីស៊ីលកម្រិតមធ្យម ខណៈវាជាការរំលោភបំពានលើសន្ធិសញ្ញា ជាមួយរុស្ស៊ី

អាមេរិក: ក្រសួងការបរទេសអាមេរិក បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងពិចារណាដាក់ពង្រាយប្រព័ន្ធមីស៊ីលរយ:ចម្ងាយមធ្យម ដើម្បីការពារខ្លួន និងសម្ព័ន្ធមិត្ត ខណ:ដែលទង្វើនេះ ត្រូវបានគេមើលឃើញថា បានប្រឆាំងទៅនឹងសន្ធិសញ្ញានុយក្លេអ៊ែរកម្រិតមធ្យម (INF) ជាមួយរុស្ស៊ីនាសម័យសង្គ្រាមត្រជាក់។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧។

សន្ធិសញ្ញានេះ ត្រូវបានចុះហត្ថលេខាដោយអាមេរិក និងសហភាពសូវៀត កាលពីឆ្នាំ ១៩៨៧ បានហាមឃាត់ការអភិវឌ្ឍន៍ និងការដាក់ពង្រាយ ក៏ដូចជាការបាញ់សាកល្បងមីស៊ីលផ្លោង ឬមីស៊ីល cruise ដែលមានរយ:ចម្ងាយចាប់ពី ៤៨៣ គីឡូម៉ែត្រ ទៅ ៥,៤៧២ គីឡូម៉ែត្រ។

រហូតមកទល់ពេលនេះ ក្រុងម៉ូស្គូ និងវ៉ាស៊ីនតោន បានចោទប្រកាន់ដាក់គ្នាទៅវិញទៅមកថា បានរំលោភលើសន្ធិសញ្ញាមួយនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert បាននិយាយថា សន្ធិសញ្ញានេះ គឺជាសសរនៃសន្តិសុខ និងស្ថិរភាពអន្តរជាតិ ចាប់តាំងពីការចាប់ផ្តើមវារហូតមកទល់ពេលនេះ។

ប៉ុន្តែលោកស្រីបានបន្ថែមថា កិច្ចព្រមព្រៀងមួយនេះ កំពុងស្ថិតនៅក្រោមការគំរាមកំហែង ដោយសារក្រុងម៉ូស្គូ បានចាត់វិធានការដើម្បីធ្វើការសាកល្បង ក៏ដូចជាដាក់ពង្រាយប្រព័ន្ធមីស៊ីល ដែលត្រូវបានហាមឃាត់ ដោយសន្ធិសញ្ញា៕

មតិយោបល់