ព័ត៌មានអន្តរជាតិ

ការតវ៉ាផ្ទុះឡើងជាថ្មី ជុំវិញការប្រកាសទទួលស្គាល់ ទីក្រុងយេរូសាឡឹម របស់លោកត្រាំ ជារដ្ឋធានីអ៊ីស្រាអែល

ប៉ាទ្បេស្ទីន: បាតុកម្មបានផ្ទុះសារជាថ្មី នៅមជ្ឈឹមបូព៌ា និងបណ្ដាលប្រទេសផ្សេងៗទៀត កាលពីថ្ងៃអាទិត្យ ជុំវិញសេចក្ដីប្រកាសទទួលស្គាល់ ទីក្រុងយេរូសាឡឹជារដ្ឋធានីរបស់អ៊ីស្រាអែល ពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានធ្វើឲ្យមានការថ្កោលទោសជាសកល រួមទាំងការតវ៉ានៅក្នុងទឹកដីប៉ាឡេស្ទីនផងដែរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ប្រជាពលរដ្ឋប៉ាឡេស្ទីន គួរតែមានភាពស្របតាមប្រវត្តិសាស្ត្រ ជនជាតិជ្វីស ឬបច្ចុប្បន្នគេនិយមហៅថា ជនជាតិអ៊ីស្រាអែល ដែលមានវត្តមាននៅទីក្រុងយេរូសាឡឹមដ៏យូរអង្វែង។

ដោយលោកបានថ្លែងនៅក្នុងសនិ្នសិតកាសែតមួយ ជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron នៅទីក្រុងប៉ារីសថា ទីក្រុងយេរូសាឡឹម តែងតែជារាជធានីរបស់អ៊ីស្រាអែលរហូតមក។

ក្នុងនោះលោក បានបន្ថែមថា ឆាប់ៗនេះ ជនជាតិប៉ាឡេស្ទីន នឹងទទួលបាននូវការពិត ហើយយើងក៏នឹងឆ្ពោះទៅរកដំណើរការសន្តិភាពផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានព្រមានម្តងហើយម្តងទៀតអំពីផលវិបាក ចំពោះការប្រកាសរបស់លោក ត្រាំ ដោយបានហៅអ៊ីស្រាអែលថា ជារដ្ឋភេរវជន ដែលបានសម្លាប់ជីវិតកុមារជាច្រើននាក់៕

មតិយោបល់