Post News Media ព័ត៌មានអន្តរជាតិ សភាហ្វីលីពីន ...

សភាហ្វីលីពីន អនុម័តពង្រីកវិសាលភាពច្បាប់អាជ្ញាសឹក នៅកោះមីនដាណាវ មួយឆ្នាំបន្ថែមទៀត

ហ្វីលីពីន: សភាក្នុងប្រទេសហ្វីលីពីន បានអនុម័តសំណើរបស់ប្រធានាធិបតីលោក Rodrigo Duterte នៅថ្ងៃពុធនេះ ដើម្បីពង្រីកវិសាលភាពច្បាប់អាជ្ញាសឹក នៅកោះមីនដាណាវ សម្រាប់រយ:ពេលមួយឆ្នាំបន្ថែមទៀត ក្នុងការបង្ក្រាបក្រុមភេរវករ និងពួកឧទ្ទាម នៅតំបន់ភាគខាងត្បូងប្រទេស។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧។

ក្រោយពីការពិភាក្សាគ្នា អស់រយ:ពេលជាងបួនម៉ោង នៅក្នុងសម័យប្រជុំពិសេសមួយ សមាជិកសភាបានយល់ព្រមអនុម័តសំណើរបស់លោក Duterte ជាមួយសំទ្បេងបោះឆ្នោតគាំទ្រ ១៤ ទល់និង៤ សំទ្បេងនៅក្នុងព្រឹទ្ធសភា និង ២២៦ ទល់នឹង ២៣ សំទ្បេង នៅក្នុងសភាជាតិ ដើម្បីអាចឲ្យកោះមីនដាណាវ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធា រហូតដល់ខែធ្នូ ឆ្នាំក្រោយ។

សូមជំរាបថា លោក Duterte បានប្រកាសដាក់ច្បាប់អាជ្ញាសឹករយ:ពេល ៦០ ថ្ងៃ នៅកោះមីនដាណាវ កាលពីថ្ងៃទី ២៣ ខែឧសភាកន្លងទៅ បន្ទាប់ពីពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម បានឡោមព័ទ្ធម៉ារ៉ាវី ដែលជាទីក្រុងមួយ ភាគច្រើនសុទ្ធសឹងតែពួកមូស្លីមរស់នៅ ក្នុងកោះមីនដាណាវ។

ដោយសំអាងហេតុផលថា រដ្ឋាភិបាលត្រូវការពន្យារពេល ក្នុងការផ្អាកដំណើរការច្បាប់នេះ រហូតដល់ខែធ្នូ ឆ្នាំ២០១៧ ដើម្បីដណ្ដើមទីក្រុងម៉ារ៉ាវី យកមកកាន់កាប់វិញពីពួកសកម្មប្រយុទ្ធ IS ទើបសំណើមួយនេះ ត្រូវបានសមាជិកសភាយល់ព្រមអនុម័ត៕

Loading...