ព័ត៌មានអន្តរជាតិ

អាមេរិកត្រៀមចរចា ជាមួយកូរ៉េខាងជើង ខណៈជប៉ុនចង់ឲ្យមានការដាក់សម្ពាធបន្ថែម

អាមេរិក: រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានស្នើឲ្យចាប់ផ្តើមកិច្ចចរចា ដោយផ្ទាល់ជាមួយកូរ៉េខាងជើង ដោយគ្មានលក្ខខណ្ឌទុកជាមុន បើទោះបីអាមេរិក ធ្លាប់បានអះអាងថា ទាល់តែក្រុងព្យុងយ៉ាង យល់ព្រមបោះបង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ទើបអាចមានកិច្ចចរចារវាងប្រទេសទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧។

កិច្ចសន្ទនាការទូតថ្មីរបស់លោក Tillerson បានកើតឡើងជិតពីរសប្ដាហ៍ បន្ទាប់ពីកូរ៉េខាងជើង បាននិយាយថា ខ្លួនបានទទួលជោគជ័យនូវបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ដែលមានសមត្ថភាព អាចវាយប្រហារដល់ដីគោករបស់អាមេរិកទាំងមូល។

ដោយទ្បែកពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋាភិបាលជប៉ុនបានធ្វើការគាំទ្រយុទ្ធសាស្ត្រ ដាក់សម្ពាធលើកូរ៉េខាងជើង តាមរយ:ទណ្ឌកម្មទៅវិញ ដោយសំអាងថា មានតែការធ្វើយ៉ាងដូច្នេះប៉ុណ្ណោះទេ ទើបអាចឲ្យរបបមួយនេះ បោះបង់ចោលកម្មវិធីអាវុធរបស់ខ្លួន។

ខណ:អតីតមន្រ្តីការទូតជប៉ុនម្នាក់ បាននិយាយថា ដំណោះស្រាយការទូតតែមួយគត់ ដែលជាវិធិសាស្ត្រ អាចទទួលយកបាន ហើយថាអំទ្បុងពេលនេះ មិនមែនជាពេលវេលា សម្រាប់កិច្ចពិភាក្សានោះទេ៕

មតិយោបល់