ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង កំពុងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយអាមេរិកលើបញ្ហានៅឧបទ្វីបកូរ៉េ

កូរ៉េ: ក្រសួងការបរទេសក្រុងសេអ៊ូល នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ខ្លួនកំពុងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ទាក់ទងនឹងបញ្ហានៅលើឧបទ្វីបកូរ៉េ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យក្រសួងការបរទេស លោក Noh Kyu-duk បានឲ្យដឹងថា រដ្ឋាភិបាលខ្លួន បានរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយភាគីអាមេរិកលើបញ្ហានៅលើឧបទ្វីបកូរ៉េ ដោយស្របតាមទស្សនវិស័យសម្ព័ន្ធមិត្ត។

ពាក់ព័ន្ធនឹងបញ្ហានេះ ប្រមុខរដ្ឋាភិបាលអាមេរិកលោក Rex Tillerson ក៏បានកត់សម្គាល់ផងដែរថា រដ្ឋាភិបាលខ្លួន និងកូរ៉េខាងត្បូង បានព្យាយាមជំរុញឲ្យកូរ៉េខាងជើងបញ្ឈប់ការបង្កហេតុ ក៏ដូចជាការគំរាមកំហែងផ្សេងៗ ដោយងាកមករកតុចរចាមួយ ឲ្យបានឆាប់តាមតែអាចធ្វើទៅបាន។

ដោយលោក Tillerson បានបញ្ជាក់នៅឯវេទិកាមួយ ក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារថា អាមេរិកត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្ដើមកិច្ចចរចា ជាមួយកូរ៉េខាងជើង ដោយគ្មានលក្ខខណ្ឌទុកជាមុន៕

មតិយោបល់