ព័ត៌មានអន្តរជាតិ

លោក ត្រាំ ចង់ឲ្យមានការជួយពីរុស្ស៊ី ដើម្បីដោះស្រាយបញ្ហា ជាមួយកូរ៉េខាងជើង

អាមេរិក: ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់ឲ្យមានការជួយពីប្រទេសរុស្ស៊ី ក្នុងការដោះស្រាយបញ្ហា ជាមួយកូរ៉េខាងជើង ដោយលោកបានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះ បន្ទាប់ពីជំនួបការទូតទ្វេភាគី ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន តាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមរយ:សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧។

លោក ត្រាំ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅខាងក្រៅសេតវិមានថា «ចំណុចសំខាន់ក្នុងរបៀបវារ: នៃជំនួបទ្វេភាគីនេះ គឺផ្ដោតសំខាន់ទៅបញ្ហា ជាមួយកូរ៉េខាងជើង ដោយលោកចង់ឲ្យលោក ពូទីន ជួយដោះស្រាយភាពតានតឹងនៅឧបទ្វីបកូរ៉េ ខណ:លោក ត្រាំ ក៏បានបញ្ជាក់ផងដែរថា ការជួយរបស់ចិន និងរុស្ស៊ីពិតជាតម្រូវការចាំបាច់បំផុត»។

ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានលើកទ្បើងថា ក្រុងវ៉ាស៊ីនតោន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចរចាដោយផ្ទាល់ ជាមួយក្រុងព្យុងយ៉ាង ដោយគ្មានលក្ខខណ្ឌទុកជាមុន បើទោះបីអាមេរិក ធ្លាប់បានអះអាងថា លុះត្រាតែកូរ៉េខាងជើង ព្រមបោះបង់កម្មវិធីនុយក្លេអ៊ែរ ទើបអាចឲ្យមានកិច្ចចរចារវាងប្រទេសទាំងពីរ៕

មតិយោបល់