Post News Media ព័ត៌មានអន្តរជាតិ ជប៉ុន និងកូរ៉...

ជប៉ុន និងកូរ៉េខាងត្បូង ជំរុញឲ្យចិនដាក់សម្ពាធបន្ថែមទៀតលើកូរ៉េខាងជើង

ជប៉ុន: រដ្ឋមន្ត្រីការបរទេសក្រុងតូក្យូ លោក Taro Kono បាននិយាយនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលខ្លួន និងកូរ៉េខាងត្បូង បានទទូចឲ្យចិនប្រឹងប្រែងបន្ថែមទៀត ក្នុងការដាក់សម្ពាធទៅលើកូរ៉េខាងជើង ដើម្បីបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់របបមួយនេះ ចំពេលមានភាពតានតឹង រវាងកូរ៉េខាងជើង និងអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧។

ទន្ទឹមនឹងការប្រកាសទទួលជោគជ័យ ទៅលើការអភិវឌ្ឍមីស៊ីល ដែលមានសមត្ថភាពអាចពាំនាំក្បាលនុយក្លេអ៊ែរ វាយប្រហារដល់ដីគោកអាមេរិក ពីសំណាក់កូរ៉េខាងជើងនោះ ក៏មានការថ្កោលទោសពីអន្តរជាតិ ដោយរួមមានទាំងសម្ព័ន្ធមិត្តដ៏ធំរបស់ក្រុងព្យុងយ៉ាង គឺប្រទេសចិនផងដែរ បន្ទាប់ពីសកម្មភាពរបស់ក្រុងព្យុងយ៉ាង បានប្រឆាំងនឹងដំណោះស្រាយនៃក្រុមប្រឹក្សាសន្តិសុខ។

បន្ទាប់ពីជំនួបជាមួយលោក Kang Kyung-wha រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Kono បាននិយាយថា «បច្ចុប្បន្នក្រុងប៉េកាំង កំពុងអនុវត្តន៍តាមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហើយ ប៉ុន្តែយើងចង់ឲ្យចិនធ្វើអ្វីបន្ថែមទៀត ដើម្បីបញ្ឈប់ភាពគឃ្លើនរបស់ក្រុងព្យុងយ៉ាង ជាមួយការដាក់សម្ពាធយ៉ាងតឹងរ៉ឹងបំផុត ទៅលើប្រទេសដាច់ស្រយាលមួយនេះ ។

ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់កងទ័ពជើងទឹកអាមេរិក បាននិយាយនៅថ្ងៃអង្គារនេះថា នាវាចម្បាំងមកពីតំបន់ប៉ាស៊ីហ្វិកខាងកើត អាចនឹងត្រូវបានបញ្ជូនទៅពង្រឹងកងកម្លាំងខ្លួននៅអាស៊ី ខណ:ដែលទីក្រុងវ៉ាស៊ីនតោន បានអះអាងថា មានការគំរាមកំហែង កើនឡើងនៅក្នុងតំបន់៕

Loading...