Post News Media ព័ត៌មានអន្តរជាតិ លិចសាឡាងដឹកអ្...

លិចសាឡាងដឹកអ្នកដំណើរ ២៥១ នាក់ នៅហ្វីលីពីន ស្លាប់មនុស្ស ៤ នាក់

ហ្វីលីពីន: មន្ត្រីសុខាភិបាលម្នាក់ នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា សាឡាងដឹកអ្នកដំណើរ ២៥១ នាក់ បានលិចនៅខេត្តកេហ្សុន ប្រទេសហ្វីលីពីន ដោយបានសម្លាប់មនុស្សយ៉ាងតិច ៤ នាក់។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧។

អ្នកគ្រប់គ្រងមន្ទីរពេទ្យប្រចាំស្រុក Claro M. Recto ក្នុងខេត្តកេហ្សុន បានឲ្យដឹងថា អ្នកដំណើរ ១១ នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះទាន់ពេលវេលា ខណ:ដែលអ្នកដំណើរមួយចំនួនទៀត បានលង់ទឹកស្លាប់។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យឆ្មាំសមុទ្រហ្វីលីពីន (PCG) លោក Armand Balilo បានប្រាប់អ្នកយកព័ត៌មានថា ប្រតិបត្តិការសង្គ្រោះ កំពុងដំណើរការ ដោយទូកសង្គ្រោះចំនួនបី កំពុងធ្វើដំណើរទៅកន្លែងកើតហេតុ ដែលមានចម្ងាយពី ៨ ទៅ ៩ ម៉ាយពីច្រាំង។

សូមជំរាបថា សាទ្បាននេះ បានធ្វើដំណើរចាកចេញពីកំពង់ផែមួយ នៅទីប្រជុំជន Real ក្នុងខេត្ដកេហ្សុននៅប្រហែលម៉ោង ៨ និង ៣០ នាទីព្រឹក ឆ្ពោះទៅកាន់កោះ Polilio ស្ថិតនៅភាគឦសាននៃប្រជុំកោះហ្វីលីពីន៕

Loading...