ព័ត៌មានអន្តរជាតិ

កាន់តែភ្ញាក់ផ្អើល ខណៈលេចឮ​ដំណឹង​ថា អាមេរិក​រៀបគម្រោង ​វាយប្រហារ​កូរ៉េខាងជើង​

បរទេស: ​ខណ:កាន់តែមាន​ភាព​តានតឹង ដាក់គ្នាអស់រយ:ពេល​ជាច្រើន​ខែ ​រវាង​អាមេរិក ​និង​កូរ៉េខាងជើងនោះ ស្រាប់តែមានរបាយការណ៍​ថ្មី​មួយ ​បាន​ឲ្យដឹងថា រដ្ឋបាល​មហាអំណាច កំពុង​រៀបគម្រោង ​វាយ​ប្រហារកូរ៉េខាងជើង ដើម្បីបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់របបមួយនេះ។ នេះបើយោងតាមសារព័ត៌មាន ​Daily Telegraph ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧។

តាមរបាយការណ៍ បានលើកទ្បើងថា យោធា​ក្រុងវ៉ាស៊ីនតោន ​កំពុង​ត្រៀម​វាយប្រហារ​ក្រុងព្យុងយ៉ាង បន្ទាប់ពីប្រទេសនេះ បាន​បាញ់សាកល្បង​​មី​ស៊ី​ល​ផ្លោងអន្តរ​ទ្វីប ដ៏មានសមត្ថភាព កាលពីថ្ងៃទី២៨ ខែវិច្ឆិកាកន្លងទៅ​។​

​ប្រភពដដែល បាន​បន្ថែមថា ការវាយប្រហារ​របស់​អាមេរិក​ ទំនងជាសំដៅទៅលើ​ការបំផ្លាញទីតាំង​បាញ់​មី​ស៊ី​ល ឬឃ្លាំង​អាវុធ​ ក៏ដូចជា​គ្រាប់​មី​ស៊ី​ល របស់កូរ៉េខាងជើង​។​

ពាក់ព័ន្ធនឹងបញ្ហានេះ ​អតីតមន្ត្រី​ជាន់ខ្ពស់អាមេរិកម្នាក់ ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាននិយាយថា គម្រោងនេះ អាចមាន​លក្ខណ:​ស្រដៀង​គ្នា​ទៅនឹង​អ្វីដែល​បានធ្វើ​ឡើង​ដោយ​កងកម្លាំង​អាមេរិក ​ប្រឆាំងនឹង​មូលដ្ឋាន​ទ័ពអាកាស​ Sha’irat នៅស៊ី​រី ​កាលពី​ថ្ងៃទី៧ ខែមេសា​កន្លងមក៕

មតិយោបល់