ព័ត៌មានអន្តរជាតិ

វៀតណាម ជម្លៀសប្រជាជន ១ លាននាក់ ទៅកន្លែងសុវត្ថិភាព ខណៈព្យុះទីហ្វុង Tembin ខិតចូលមកដល់

វៀតណាម: ក្រុមអាជ្ញាធរវៀតណាម បានរៀបចំជម្លៀសប្រជាជន ១ លាននាក់ ចេញពីតំបន់ទំនាបនៅតាមបណ្តោយឆ្នេរសមុទ្រ ភាគខាងត្បូងប្រទេសកាលពីថ្ងៃច័ន្ទ ខណ:ព្យុះទីហ្វុងនឹងខិតចូលមកដល់ បន្ទាប់ពីវាបានវាយប្រហារនៅហ្វីលីពីន សម្លាប់មនុស្សជាង ២៣០ នាក់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧។

ព្យុះ​ត្រូពិក​ធិមប៊ិន( Tembin ) ត្រូវបានគេរំពឹងថា នឹងបន្តដំណើរវាយលុកចូលក្នុងប្រទេសវៀតណាម បន្ទាប់ពីវាបានបង្កជាគ្រោះទឹកជំនន់ និងការបាក់ដី នៅប្រទេសហ្វីលីពីនមុនថ្ងៃបុណ្យណូអែល។

គណ:កម្មាធិការបង្ការគ្រោះមហន្តរាយវៀតណាម បាននិយាយថា​ មនុស្ស ៧៤.០០០ នាក់ ត្រូវបានបញ្ជូនទៅកាន់ទីសុវត្ថិភាពពីតំបន់ ដែលងាយរងគ្រោះ ខណ:អាជ្ញាធរនៅក្នុងខេត្ត និងក្រុងចំនួន ១៥ បានរៀបចំជម្លៀសប្រជាជនជាងមួយលាននាក់ ចេញពីលំនៅដ្ឋានរបស់ពួកគេ។

ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋាភិបាលក៏បានបញ្ជាឲ្យកប៉ាល់នានា ត្រូវបង្ការការប្រុងប្រយ័ត្ន និងបានព្រមានថា ទូកនេសាទប្រមាណ ៦២.០០០ គ្រឿង មិនគួរធ្វើដំណើរទៅសមុទ្រនោះទេ៕

មតិយោបល់