ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកោះតៃវ៉ាន់ នឹងបង្កើនថវិកាការពារជាតិ ខណៈមានសម្ពាធពីចិន

តៃវ៉ាន់: ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី តៃ អ៊ីងវ៉េន (Tsai Ing-wen) បាននិយាយកាលពីថ្ងៃសុក្រថា មហិច្ឆិតាយោធាចិន កាន់តែបង្ហាញពីចេតនាយ៉ាងច្បាស់ ចំពោះកោះតៃវ៉ាន់ ដោយលោកស្រី អះអាងថា នឹងបង្កើនថវិកាការពាររបស់កោះ ជារៀងរាល់ឆ្នាំបន្ថែមទៀត។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧។

នាពេលថ្មីៗនេះ លោកស្រី តៃ បានចោទប្រកាន់យោធាចិនថា កំពុងតែបង្កឲ្យមានអស្ថិរភាព នៅក្នុងតំបន់ ហើយកងកម្លាំងរបស់កោះតៃវ៉ាន់ ក៏កំពុងតែធ្វើការឃ្លាំយ៉ាងកៀកកិតផងដែរ សម្រាប់អ្វីដែលយោធាចិន បានធ្វើកន្លងមក ចាប់តាំងពីលោកស្រី បានឡើងកាន់តំណែង កាលពីដើមឆ្នាំមុន។

សូមជំរាបថា ប្រទេសចិននៅតែចាត់ទុកកោះតៃវ៉ាន់ គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន មិនអាចកែប្រែបានទ្បើយ ហើយក្រុងប៉េកាំងក៏មិនដែលលះបង់ ការប្រើប្រាស់កងកម្លាំង ដើម្បីដណ្ដើមយកអ្វីដែលពួកគេបានចាត់ទុកថា តៃវ៉ាន់ជាខេត្តមួយ ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។

បច្ចុប្បន្នក្រុងប៉េកាំង បានសង្ស័យថា លោកស្រី តៃ មានបំណងចង់ប្រកាសឯករាជ្យទៅលើកោះមួយនេះ ខណ:ដែលចិន បានបង្ហាញពីសញ្ញាពណ៌ក្រហម ចំពោះចេតនានេះផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី តៃ បានសង្កត់ធ្ងន់ថា ខ្លួនចង់បានសន្តិភាព ឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់ ខណ:ដែលរដ្ឋបាលលោកស្រី កំពុងការពារស្វ័យភាព និងរបៀបរស់នៅលើកោះមួយនេះ៕

មតិយោបល់