Post News Media ព័ត៌មានអន្តរជាតិ លោក ត្រាំ ប្រ...

លោក ត្រាំ ប្រាប់លោក គីម ថាប៊ូតុងនុយក្លេអ៊ែររបស់អាមេរិក ធំជាងកូរ៉េខាងជើងទៅទៀត

អាមេរិក: ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានមេដឹកនាំកំពូលក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន កាលពីថ្ងៃអង្គារថា ប៊ូតុងនុយក្លេអ៊ែររបស់អាមេរិក គឺធំជាងកូរ៉េខាងជើងទៅទៀត ខណ:ក្រុងវ៉ាស៊ីនតោន ក៏បានធ្វើការច្រានចោលផងដែរ ចំពោះកិច្ចចរចាកម្រិតខ្ពស់ រវាងប្រទេសកូរ៉េទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨។

ការថ្លែងរបស់លោក ត្រាំ បានធ្វើទ្បើងនៅលើប្រព័ន្ធ Twitter ប៉ុន្មានម៉ោងបន្ទាប់ពីឯកអគ្គរាជទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បានពិពណ៌នាថា កិច្ចចរចាដែលបានស្នើដោយកូរ៉េទាំងពីរ អាចនឹងបន្ធូរបន្ថយភាពតានតឹង ប៉ុន្តែក្រុងវ៉ាស៊ីនតោន មិនអាចទទួលយកបានទេ ​ខណ:ដែលព្យុងយ៉ាង នៅតែបន្តផលិតអាវុធនុយក្លេអ៊ែរនោះ។

លោក ត្រាំ បានបន្ថែមថា «មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្លែងថា ប៊ូតុងនុយក្លេអ៊ែរ ស្ថិតនៅលើតុរបស់ខ្លួនគ្រប់ពេលវេលា ប៉ុន្តែលោកក៏បានឆ្លើយតបទៅវិញថា អាមេរិក ក៏មានប៊ូតុងនុយក្លេអ៊ែរដែរ ហើយវាមានឥទ្ធិពលខ្លាំង និងធំជាងក្រុងព្យុងយ៉ាងទៅទៀត។

សូមជំរាបថា សាររបស់លោក ត្រាំ បានកើតឡើងបន្ទាប់ពីលោក គីម ព្រមានថា លោកមានប៊ូតុងនុយក្លេអ៊ែរ នៅលើតុដែលអាចចុចបញ្ជាពេលណាក៏បាន ដោយក្នុងនោះ ថែមទាំងបានបង្ហាញពីចំណាប់អារម្មណ៍ នៅក្នុងកិច្ចពិភាក្សាអន្តរកូរ៉េ និងការចូលរួមនៅក្នុងព្រឹត្តិការណ៍ Pyeongchang Games នៅខែក្រោយផងដែរ៕

Loading...