Post News Media ព័ត៌មានអន្តរជាតិ ប្រធានាធិបតីច...

ប្រធានាធិបតីចិន ជំរុញឲ្យយោធាខ្លួន បង្កើនស្មារតីត្រៀមប្រយុទ្ធ ក្នុងករណីផ្ទុះសង្គ្រាម

ចិន: ប្រធានាធិបតីចិន លោក ស៊ី ជីនភីង នៅសប្ដាហ៍នេះ បានជំរុញ និងលើកទឹកចិត្តដល់កងកម្លាំងរំដោះប្រជាជនចិន (PLA) រាប់ពាន់នាក់ ដោយឲ្យពួកគេបង្កើនស្មារតីដ៏អស្ចារ្យ សម្រាប់ការត្រៀមប្រយុទ្ធ ក្នុងករណីមានសង្គ្រាម ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧។

ថ្លែងនៅចំពោះមុខទាហានចំនួន ៧,០០០នាក់ ដែលមានទីតាំងស្ថិតនៅភាគខាងជើងប្រទេសចិន ជាមួយការស្លៀកពាក់បែបយោធា មេដឹកនាំចិន បានជំរុញឲ្យបុគ្គលិកយោធា បង្កើតស្មារតីអង់អាច និងខ្លាំងក្លា ដើម្បីត្រៀមខ្លួនសម្រាប់ការប្រយុទ្ធ និងបំពេញភារកិច្ច ដែលត្រូវបានផ្តល់ដោយបក្ស និងប្រជាជនឲ្យបានល្អ។

សូមជំរាបថា ទាហានមកពីមូលដ្ឋានយោធាចំនួន ៤,០០០ ទីតាំងនៅទូទាំងប្រទេស បានមកចូលរួមស្តាប់លោក ស៊ី ថ្លែងសុន្ទរកថា ដែលព្រឹត្តិការណ៍នេះ គឺជាលើកទីមួយហើយ ដែលគណ:កម្មាធិការយោធាមជ្ឈិម បានរៀបចំកិច្ចប្រជុំចល័ត សម្រាប់កងកម្លាំងប្រដាប់អាវុធទាំងមូល។

ក្នុងនោះប្រធានាធិបតីចិន បានអំពាវនាវឲ្យយោធា បង្កើនការស្រាវជ្រាវ ក៏ដូចជាសិក្សាទិន្នន័យ ពាក់ព័ន្ធនឹងសកម្មភាពយោធានានា តាមរយ:ឌីជីថល ដើម្បីលើកកម្ពស់ការអប់រំផ្នែកវិទ្យាសាស្រ្ត សម្រាប់កងទ័ព PLA ផងដែរ៕

Loading...