Post News Media ព័ត៌មានអន្តរជាតិ របួសជិត ៣០០ ន...

របួសជិត ៣០០ នាក់ នៅក្នុងការប៉ះទង្គិចគ្នាថ្មី រវាងពួកប៉ាទ្បេស្ទីន និងប៉ូលិសអ៊ីស្រាអែល

ប៉ាទ្បេស្ទីន: អ្នកនាំពាក្យអង្គការសប្បុរសធម៌ផ្នែកសុខភាព នៅក្នុងតំបន់ បានឲ្យដឹងថា ប្រជាជនប៉ាឡេស្ទីនជិត ៣០០ នាក់ បានរងរបួសកាលពីថ្ងៃសុក្រ បន្ទាប់ពីការប៉ះទង្គិចគ្នាថ្មីមួយ ជាមួយប៉ូលិសអ៊ីស្រាអែល នៅតំបន់ព្រំដែនហ្គាហ្សាស្ទ្រីប និង West bank។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨។

អង្គការអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បាននិយាយថា រហូតមកទល់ពេលនេះចំនួនមនុស្សរងរបួស បានកើនទ្បើងដល់ ២៩០ នាក់ហើយ ក្នុងនោះមាន ៤៥ នាក់បានរងរបួសដោយសារភ្លើងឆេះ ៣០ នាក់ទៀត របួសដោយសារគ្រាប់កាំភ្លើង និង ២១៥ នាក់ របួសដោយឧស្ម័នបង្ហូរទឹកភ្នែក។

សូមជំរាបថា អំពើហិង្សានេះ បានផ្ទុះឡើងនៅក្នុងទឹកដីប៉ាឡេស្ទីន បន្ទាប់ពីការសម្រេចចិត្តរបស់អាមេរិក កាលពីខែមុន ដើម្បីទទួលស្គាល់ទីក្រុងយេរូសាឡឹមថា ជារដ្ឋធានីរបស់អ៊ីស្រាអែល ដែលបានជំរុញឲ្យមានការថ្កោលទោសពីសហគមន៍អន្ដរជាតិផងដែរ។

កាលពីថ្ងៃសុក្រ មនុស្សប្រហែល ៨៥០ នាក់ ត្រូវបានគេប៉ាន់ស្មានថា បាននាំគ្នាតវ៉ាប្រឆាំងនឹងប៉ូលិសអ៊ីស្រាអែល នៅកន្លែងចំនួន ១៧ ក្នុងតំបន់ West bank និងមួយពាន់នាក់ទៀត បានប្រមូលផ្ដុំគ្នានៅទីតាំងចំនួនបួន ស្ថិតក្នុងតំបន់ព្រំដែនហ្គាហ្សាស្ទ្រីប ជាមួយអ៊ីស្រាអែល៕

Loading...