ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង រិះគន់ជប៉ុនរឿងជាប់ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្ម គាបសង្កត់ប្រទេសខ្លួន

កូរ៉េ: រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានរិះគន់នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីន ហ្សូអាបេ ចំពោះការបង្កើន យុទ្ធនាការដាក់ទណ្ឌកម្ម និងការគាបសង្កត់ប្រឆាំងប្រទេសខ្លួន តាមរយ:វោហាសាស្ត្រ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨។

អ្នកនាំពាក្យវិទ្យាស្ថានសិក្សាជប៉ុននៃក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថា ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក អាបេ ទៅកាន់បណ្តាប្រទេសអឺរ៉ុបមួយចំនួន លោកបានលើកឡើងអំពីការអភិវឌ្ឍនុយក្លេអ៊ែរ និងមីស៊ីល រួមទាំងបញ្ហាចាប់ពង្រត់ពលរដ្ឋខ្លួន រាល់ពេលដែលលោក បើកកិច្ចពិភាក្សាទំនាក់ទំនងទ្វេភាគី ជាមួយនឹងប្រទេសទាំងនោះ។

ដោយក្រុងតូក្យូបានអះអាងថា កូរ៉េខាងជើងបានចាប់ពង្រត់ពលរដ្ឋជប៉ុនមួយចំនួន នៅទសវត្សឆ្នាំ ១៩៧០ ដែលក្រុងព្យុងយ៉ាង ក៏បានធ្វើការបដិសេធយ៉ាងខ្លាំងផងដែរ ចំពោះការចោទប្រកាន់នេះ។

ប្រភពដដែល បានបន្ថែមទៀតថា រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Taro Kono បានបញ្ជាក់ថា កូរ៉េខាងជើងកំពុងព្យាយាមរកពេលវេលា ដើម្បីបន្តកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ដោយលោកបានអំពាវនាវឲ្យមានការគាបសង្កត់ប្រឆាំងនឹងរបបមួយនេះ តាមរយ:មធ្យោបាយកាត់ផ្តាច់ទំនាក់ទំនងការទូត៕

មតិយោបល់