ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងព្រួយបារម្ភជុំវិញការផលិតអាវុធប្រឆាំងផ្កាយរណបខ្លួន ពីសំណាក់ចិន និងរុស្ស៊ី

អាមេរិក: មន្ទីរបញ្ចកោណ បានព្រួយបារម្ភយ៉ាងខ្លាំង ខណ:ដែលចិន និងរុស្ស៊ី កំពុងផលិតមីស៊ីល បំពាក់​ឧបករណ៍​ប្រឆាំង​នឹង​ផ្កាយរណប​ (ASAT) ដោយវាមានសមត្ថភាព អាចបាញ់ផ្កាយរណបអាមេរិក ចេញពីគន្លងផ្កាយនៅលើភពផែនដី ក្នុងរយ:ពេលពីរឆ្នាំខាងមុខទៀត។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៨។

នាយកភ្នាក់ងារចារកម្មនៃអគ្គសេនាធិការចម្រុះ បានប្រាប់សារព័ត៌មាន Washington Free Beacon ថា មីស៊ីលទាំងនេះ កំពុងស្ថិតនៅក្នុងការអភិវឌ្ឍ ហើយវានឹងមានសមត្ថភាពប្រយុទ្ធ នៅដើមឆ្នាំ ២០២០ ។

កាលពីខែឧសភា លោក Dan Coats នាយកផ្នែក​ស៊ើបការណ៍​សម្ងាត់​ជាតិអាមេរិក ធ្លាប់បាននិយាយថា ក្រុងម៉ូស្គូ និងប៉េកាំង កំពុងពិចារណាការវាយប្រហារប្រឆាំងនឹងប្រព័ន្ធផ្កាយរណបរបស់អាមេរិក ដែលជាផ្នែកមួយនៃសង្គ្រាមនាពេលអនាគតរបស់ពួកគេ។

ដោយលោក Coats បានប្រាប់សភាថា «ប្រទេសទាំងពីរ នឹងបន្តស្វែងរកអាវុធ ASAT ដ៏ពេញលេញ ដើម្បីជាមធ្យោបាយកាត់បន្ថយ ប្រសិទ្ធភាពយោធារបស់អាមេរិក»៕

មតិយោបល់